ក្រោយការបង្ហាញមុខសាជាថ្មីជាមួយបទ «កាឡកណ្ណី» បន្ទាប់ពីបាត់មុខអស់រយៈពេលយូរ STEP បានធ្វើឱ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោកបាននាំមកនូវបទចម្រៀងបែបថ្មី ហើយប្លែកដែលមានគុណភាពជូនអ្នកគាំទ្រ។
ជាពិសេសអ្វីដែលកាន់តែប្លែកទៅទៀតនោះ STEP បាននាំមកជាមួយនូវភាពស្រស់សង្ហាមួយបែបផ្សេង គឺមានមាឌមាំជាងមុន និងសាច់ដុំកង់ៗស្អាតជាងមុន ដែលនោះគឺជាគោលបំណងរបស់លោក ចង់បង្ហាញទៅកាន់ហ្វេនអ្វីថ្មីៗផងដែរ។ តាមរយៈការបង្ហោះវីដេអូនៅលើហ្វេកបុកផេកផ្លូវការ STEP ក៏បានចែករំលែកនូវវិធីសាស្រ្តក្នុងការញ៉ាំអាហារមួយចំនួន ដើម្បីឱ្យការហាត់ប្រាណឆាប់បានផល៖
១. អាហារពេលព្រឹក
ដោយសារ STEP ជាមនុស្សដែលចូលចិត្តធ្វើអ្វីលឿនៗដូច្នេះហើយលោកបានជ្រើសរើសយកនំប៉័ងជាមួយត្រីធូណាជាអាហារពេលព្រឹក។ ថ្វីត្បិតមិនសូវមានរសជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់អ្នកតមអាហារគឺតម្រូវឱ្យញ៉ាំអាហារណាដែលមានប្រូតេអ៊ីនច្រើន ប៉ូវ និងមិនធ្វើឱ្យធាត់ទើបលោករើសយកអាហារពេលព្រឹកមួយនេះ។
តារាចម្រៀងប្រុសរូបនេះក៏បាននិយាយបន្ថែមពីលើមូលហេតុដែលលោកចូលចិត្តញ៉ាំត្រីធូណាកំប៉ុង គឺវាអាចរក្សាបានយូរ និងមិនចំណាយពេលច្រើនសម្រាប់ចម្អិន។ ដូច្នេះសម្រាប់អាហារពេលព្រឹកមួយពេលនេះមាន ២៩០ កាឡូរី និងប្រូតេអ៊ីន ៣៣ ក្រាម។
២. អាហារថ្ងៃត្រង់
មកដល់អាហារថ្ងៃត្រង់ STEP បានជ្រើសរើសយកសាច់ទ្រូងមាន់ ២០០ ក្រាមប្រឡាក់ចៀនញ៉ាំជាមួយបន្លែស្រស់ៗ។ ជាការពិតសម្រាប់អ្នកតមអាហារគឺមិនត្រូវញ៉ាំអាហារមានរសជាតិដិតនោះទេ ប៉ុន្តែចំពោះលោកផ្ទាល់គិតថាការញ៉ាំសាច់ទ្រូងមាន់គឺជាការកំណត់របបអាហារមួយបែបហើយ ដូច្នេះវាគួរតែមានរសជាតិឆ្ងាញ់ទើបអាចធ្វើបានក្នុងរយៈពេលយូរ។
តារាចម្រៀងឈ្មោះពិត សុខ វិបុល បានបន្តថាប្រសិនបើយើងមានការកំណត់របបអាហារតឹងរ៉ឹង ហើយញ៉ាំអាហារដែលមិនមានរសជាតិឆ្ងាញ់ទៀត នោះនឹងមានភាពលំបាកក្នុងការតមអាហារមិនខាន។ ចំពោះអាហារថ្ងៃត្រង់មួយពេលនេះមាន ៤៥០ កាឡូរី និងប្រូតេអ៊ីន ៦៥ ក្រាម។
៣. អាហារសម្រន់
ពងមាន់ស្ងោរគឺអាហារប្រចាំត្រកូលសម្រាប់អ្នកហាត់ប្រាណ និងតមអាហារ។ ជាមួយគ្នានេះ ពងមាន់ស្ងោរគឺជាចំណីអាហារប្រចាំរបស់លោកញ៉ាំក្នុងពេលហាត់ប្រាណដើម្បីថតបទចម្រៀង «កាឡកណ្ណី» ។ ជាពិសេសនៅពេលដែលលោកត្រូវចំណីកំដរមាត់ លោកតែងតែញ៉ាំពងមាន់ស្ងោរ ២ គ្រាប់ជាមួយយ៉ាអួរមួយកំប៉ុង។ ចំពោះអាហារសម្រន់មួយនេះមាន ២៥៩ កាឡូរី និងប្រូតេអ៊ីន ២២ ក្រាម។
៤. អាហារមុនហាត់ប្រាណ
រហូតមកពេលដែលម្ចាស់បទ «កាឡកណ្ណី» ត្រូវចេញទៅហាត់ប្រាណភាគច្រើនលោកតែងតែក្រឡុកទឹកដោះគោជាមួយចេក និងម្សៅប្រូតេអ៊ីន។ ចំពោះលោកផ្ទាល់ពេលខ្លះលោកបានញ៉ាំ ហើយពេលខ្លះក៏មិនបានញ៉ាំដែរ។ ដោយសារអ្នកហាត់ប្រាណត្រូវការប្រូតេអ៊ីនប្រហែលលើសពី ១០០ ក្រាមក្នុងមួយថ្ងៃ ដូច្នេះនៅពេលញ៉ាំសាច់ច្រើនហើយ មិនចាំបាច់ញ៉ាំប្រូតេអ៊ីនក្រឡុកក៏បានដែរ។
ប៉ុន្តែសម្រាប់អ្នកដែលរវល់ការងារច្រើន ហើយញ៉ាំមិនសូវបានគ្រប់គ្រាន់អាចញ៉ាំប្រូតេអ៊ីនក្រឡុក ដើម្បីកសាងសាច់ដុំ និងចិញ្ចឹមសារពាង្គកាយ។ ចំពោះភេសជ្ជៈនេះមាន ៣៦០ កាឡូរី និងប្រូតេអ៊ីន ៣០ ក្រាម។
៥. អាហារពេលល្ងាច
ចំពោះ STEP អាហារពេលល្ងាចគឺជាពេលដែលលោកញ៉ាំច្រើនជាងគេដើម្បីឱ្យមានកម្លាំង និងគេងលក់ស្រួល។ ដូច្នេះថ្ងៃនេះលោកជ្រើសរើសធ្វើស៊ុបមីគីមឈី ជាមួយសាច់ជ្រូក។ បើទោះបីជាលោកបានឆុកមីកញ្ចប់ពិតមែនតែលោកញ៉ាំត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ដោយភាគច្រើនលោកញ៉ាំសាច់ព្រោះវាសម្បូរប្រូតេអ៊ីនជួយព្យាបាលសាច់ដុំក្រោយហាត់ប្រាណហើយ។ លោកគិតថាការញ៉ាំមីច្រើនគឺមិនមានអត្ថប្រយោជន៍សម្រាប់សុខភាពទេ ថែមទាំងធ្វើឱ្យធាត់ទៀតផង។ ចំពោះអាហារពេលល្ងាចនេះមាន ៧៥០ កាឡូរី និងប្រូតេអ៊ីន ៦០ ក្រាម។
សរុបមកវិញក្រោយញ៉ាំអាហារបែបនេះពេញមួយថ្ងៃលោកទទួលបាន ២ ១០០ កាឡូរី និងប្រូតេអ៊ីន ២១០ ក្រាម។ លោកបានបន្ថែមថាមនុស្សម្នាក់ៗមានរាងកាយខុសគ្នា ការញ៉ាំខុសគ្នា ហើយសម្រាប់ខ្លួនលោកផ្ទាល់ការកំណត់ត្រឹម ២០០០ កាឡូរីក្នុងមួយថ្ងៃគឺសមស្របសម្រាប់លោក ដោយសារលោកគ្រាន់តែចង់រក្សាទម្ងន់ និងបង្កើនសាច់ដុំប៉ុណ្ណោះ។ ជាចុងក្រោយលោកបានផ្ដាំថាបើមានការកំណត់របបអាហារល្អហើយ ក៏ត្រូវលៃពេលវេលាដើម្បីហាត់ប្រាណដែរ ដូច្នេះត្រូវចេះថ្លឹងថ្លែងរក្សាតុល្យភាពកត្តាទាំងពីរនេះ៕