តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងវប្បធម៌របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល ASEAN Inclusive Growth Summit នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១ ខែវិច្ឆិកា។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន GMA កាលពីថ្ងៃពុធ បណ្តាមេដឹកនាំធុរកិច្ច និងគណៈប្រតិភូជាច្រើនបានជួបជុំគ្នាដើម្បីស្តាប់លោកស្រី Jolie ថ្លែងអំពីបទពិសោធន៍របស់លោកស្រីនៅក្នុងប្រទេសកម្ពុជា ជាកន្លែងដែលលោកស្រីបានរក្សាទំនាក់ទំនងមនុស្សធម៌យ៉ាងយូរអង្វែង។
លោកស្រីបានរំឭកថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីថតភាពយន្តរឿង «Lara Croft: Tomb Raider» នៅឆ្នាំ២០០០ បានក្លាយជាចំណុចចាប់ផ្តើមនៃទំនាក់ទំនងដ៏យូរអង្វែងរបស់លោកស្រីជាមួយប្រទេសនេះ។ នៅពេលនោះ លោកស្រីស្គាល់ប្រទេសកម្ពុជាតិចតួចណាស់ ដោយដឹងត្រឹមតែប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលពោរពេញទៅដោយសង្គ្រាម អំពើហិង្សា និងទុក្ខវេទនាប៉ុណ្ណោះ។
អ្វីដែលលោកស្រីបានជួបប្រទះពិតជាធ្វើឱ្យលោកស្រីភ្ញាក់ផ្អើល។ ទោះបីជាប្រជាជនកម្ពុជាបានឆ្លងកាត់រឿងរ៉ាវលំបាកលំបាកយ៉ាងណាក៏ដោយ ក៏លោកស្រីបានជួបមនុស្សដែលមានភាពកក់ក្ដៅ ចិត្តទូលាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត។
នៅលើឆាករួមគ្នាជាមួយផលិតករភាពយន្តខ្មែរលោក ប៉ាន់ រិទ្ធី លោកស្រី Jolie បានថ្លែងថា៖ «កម្ពុជាមិនមែនជាវប្បធម៌ក្រីក្រនោះទេ។ ពួកគេមិនមែនជាប្រទេសក្រីក្រនោះទេ។ ពួកគេគឺជាប្រទេសដែលសម្បូរបែប ប្រជាជនរឹងមាំ ឆ្លាតវៃ សម្បូរធនធាន ធម្មជាតិ និងសមត្ថភាព»។
លោកស្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍពិតប្រាកដមិនគួរផ្តល់ផលប្រយោជន៍ត្រឹមតែដល់អ្នកមានប៉ុណ្ណោះទេ ប៉ុន្តែគួរតែទៅដល់សហគមន៍ដែលបាត់បង់ឱកាស និងងាយរងគ្រោះផងដែរ។
លោកស្រីបានបន្តថា៖ «ប្រសិនបើពួកគេបានទទួលការគាំទ្រ ហើយពួកគេអាចធ្វើការជួញដូរដោយស្មើភាព និងផលិតអ្វីៗបានដោយស្មើភាព ពួកគេនឹងមិនត្រូវការជំនួយច្រើនទាល់តែសោះ ប្រសិនបើពួកគេត្រូវបានគេប្រព្រឹត្តចំពោះដោយយុត្តិធម៌តាំងពីដំបូង»។
បទពិសោធន៍របស់លោកស្រី Jolie នៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យការឱ្យតម្លៃរបស់លោកស្រីចំពោះប្រជាជន និងប្រពៃណីរបស់ប្រទេសនេះកាន់តែស៊ីជម្រៅថែមទៀត ស្របពេលកម្ពុជាក៏ជាប្រទេសដែលលោកស្រីបានជួបកូនប្រុសច្បងរបស់លោកស្រីគឺ Maddox ដែលបានកើតនៅទីនោះផងដែរ។
តារាសម្តែងម្ចាស់ពានអូស្ការូបនេះបាននិយាយថា លោកស្រីសង្ឃឹមថានឹងបានឃើញកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ឈានទៅមុខហួសពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ ហើយបង្កើតឱកាសឱ្យប្រជាជនអាចពឹងផ្អែកលើខ្លួនឯងបាន តាមរយៈការអប់រំ កម្មវិធីចិញ្ចឹមជីវិត និងការអភិវឌ្ឍជំនាញ និងទេពកោសល្យរបស់ពួកគេ។
លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាចង់ ហើយខ្ញុំគិតថាយើងទាំងអស់គ្នាប្រហែលជាយល់ស្រប យើងចង់ស្វែងរកវិធីមួយដែលវាផ្លាស់ប្តូរពីការផ្តល់ជំនួយសង្គ្រោះ ទៅជាការវិនិយោគពិតប្រាកដ ដើម្បីឱ្យប្រជាជនអាចមើលថែខ្លួនឯងបាន និងមិនត្រូវការអ្នកទៀតឡើយ ហើយយើងកំពុងវិនិយោគលើឯករាជ្យភាពរបស់ពួកគេ»។
ក្នុងកិច្ចពិភាក្សាដដែលនោះ លោកស្រី Jolie ក៏បានចែករំលែកពីបំណងប្រាថ្នារបស់លោកស្រីក្នុងការរៀបចំជីវិតឱ្យកាន់តែសាមញ្ញ ដែលឧទ្ទិសដល់ការជួយអ្នកដទៃផងដែរ។ លោកស្រីនិយាយថា៖ «ខ្ញុំចង់មានជីវិតដែលកាន់តែសាមញ្ញជាងនេះ និងបានបម្រើអ្នកដទៃ។ ខ្ញុំគិតថាវាមិនមែនជាការលះបង់នោះទេក្នុងការរស់នៅដើម្បីអ្នកដទៃ។ វាគឺជាសេចក្តីអំណរដ៏ធំធេង»។
គួរបញ្ជាក់ថា លោកស្រី Angelina Jolie បានមកដល់ប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំកំពូលកំពូលអាស៊ានស្តីពីកំណើនប្រកបដោយបរិយាបន្ន (ASEAN Inclusive Growth Summit) ឆ្នាំ ២០២៦ រួមជាមួយឥស្សរជនល្បីៗ និងមេដឹកនាំក្នុងតំបន់ ក្នុងការពិភាក្សាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាបន្ន។
តារាសម្តែងវ័យ ៥១ ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមវាគ្មិនលេចធ្លោនៅក្នុងកិច្ចប្រជុំកំពូលនេះរួម ទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន លោកស្រី Cristina Roque ព្រមទាំងឥស្សរជនពីប្រទេសផ្សេងទៀត សម្រាប់កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ៕