ទើបតែចេញបញ្ចាំងបានប៉ុន្មានភាគ ភាពយន្តភាគ “Queen of Tears” ដែលរួមសម្ដែងដោយ Kim Soo Hyun និង Kim Jiwon បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តែទន្ទឹមនេះនឹងនេះក៏មានមតិលើអនឡាញជាច្រើនសង្ស័យថារឿងនេះ គឺផ្អែកលើរឿងរ៉ាវជីវិតពិតរបស់អ្នកស្នងមរតក Samsung ដោយសារមានភាពទាក់ទាញស្រដៀងគ្នាជាច្រើនចំណុច។
មានទាំងភាពស្រស់ស្អាត និងភាពប៉ិនប្រសប់ក្នុងអាជីវកម្មដូចឪពុក អ្នកនាង Lee Boo Jin គឺជាកូនស្រីទីពីររបស់ប្រធានក្រុមហ៊ុន Samsung លោក Lee Kun Hee ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ១០០ ក្នុងដៃមានចាប់ពីវិស័យហិរញ្ញវត្ថុ សំណង់ ក្រុមហ៊ុនលក់រាយផ្សេងៗ និងជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ នាងជាអ្នកមើលការខុសត្រូវលើសណ្ឋាគារ Shilla និងក្រុមហ៊ុនភោជនីយដ្ឋានក្នុងទីក្រុងសេអ៊ូល។ ខណៈជីតាគឺជាស្ថាបនិកក្រុមហ៊ុន Samsung មានន័យថានាងគឺជាអ្នកស្នងមរតកជំនាន់ទី ៣ នៃក្រុមហ៊ុនយក្សមួយនេះ។
ដូចគ្នាដែរ តួឯកស្រី Hong Haein ក្នុងរឿង “Queen of Tears” (សម្តែងដោយ Kim Jiwon) ក៏ជាអ្នកស្នងមរតកជំនាន់ទីបីនៃក្រុមហ៊ុន Queen Group ដែរ។ នាងមានភារកិច្ចគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប Queen ខណៈប្អូនប្រុសរបស់នាងមើលការខុសត្រូវលើផ្សារទំនើប Queen Mart។
រីឯ Im Woojae អតីតស្វាមីរបស់ Lee Boo Jin គឺជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ និងជាបុគ្គលិកផ្នែក IT របស់ក្រុមហ៊ុនសំណង់ Samsung C&T មុនពេលរៀបការជាមួយ Lee Boo Jin ។
ចំណែកតួឯកប្រុស Baek Hyun Woo (សម្តែងដោយ Kim Soo Hyun) បានបញ្ចប់ការសិក្សាពីសាលាច្បាប់ដ៏ល្បី ហើយបានចូលបម្រើការងារនៅ Queen Group ជាបុគ្គលិកថ្មី។ សាវតារបស់ Baek Hyun Woo មានភាពធូរធារជាង Im Woojae បន្តិច ដោយឪពុកម្តាយរបស់គេមានកសិដ្ឋានធំនៅជនបទ។
ការជួបគ្នាលើកដំបូងរបស់ Im Woojae និង Lee Boo Jin បានកើតឡើងនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌របស់ Samsung Foundation ក្នុងឆ្នាំ ១៩៩៥ នៅពេលដែល Lee Boo-Jin មានអាយុ ២៥ ឆ្នាំ និងជាអ្នកហាត់ការនៅក្នុងក្រុមហ៊ុនដូចជា Haein ដែរ។ ការចុះកម្មសិក្សារបស់ពួកគេនាំឱ្យទំនាក់ទំនងរីកដុះដាល ដោយ Im Woojae មិនបានស្គាល់ពីប្រវត្តិរបស់អតីតភរិយាខ្លួនទេ។
ពិធីមង្គលការឆ្លងវណ្ណៈរបស់ Im Woo Jae និង Lee Boo Jin បានធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ ១៩៩៩ និងទទួលបានការចាប់អារម្មណ៍តាមដានយ៉ាងខ្លាំងតាមប្រព័ន្ធផ្សព្វផ្សាយស្រដៀងទៅនឹងរឿងភាគទូរទស្សន៍ដែរ។ ប៉ុន្តែមិនយូរប៉ុន្មាន អាពាហ៍ពិពាហ៍របស់ពួកគេបានជួបប្រទះនឹងភាពតានតឹង ដែលនាំឱ្យ Lee Boo Jin ប្តឹងលែងលះ ក្នុងឆ្នាំ ២០១៤ និងទទួលបានសិទ្ធិចិញ្ចឹមកូនប្រុសរបស់ពួកគេ។
ងាកមករឿង “Queen of Tears” វិញ ថ្វីត្បិតតែចាក់ផ្សាយតែ២ភាគក៏ដោយ ប៉ុន្តែអ្នកទស្សនានៅតែងឿងឆ្ងល់ថាតើ Haein បញ្ចុះបញ្ចូលគ្រួសារនាងឱ្យទទួលយកអាពាហ៍ពិពាហ៍ខុសវណ្ណៈនេះដោយរបៀបណា។ ស្រដៀងគ្នាដែរ បន្ទាប់ពីរៀបការបានបីឆ្នាំ អាពាហ៍ពិពាហ៍របស់ Baek Hyun Woo និង Hong Haein ក៏ឈានដល់ការលែងលះ។