ចាប់ផ្តើមជាមួយបងស្រី Jang Da-ah ឬពេលនេះត្រូវបានស្គាល់ច្រើនតាមរយៈការសម្ដែងជាតួអង្គ Baek Harin សិស្សស្រីអាក្រក់ Grade A នៅក្នុងរឿងភាគ “Pyramid Game” ដែលទោះបីជារូបរាងខាងក្រៅរបស់នាងមើលទៅដូចបងស្រីចិត្តល្អ ប៉ុន្តែមិនថាជាទឹកមុខ កាយវិការ ឬការនិយាយរបស់នាងនោះទេ គឺសុទ្ធតែស្ដែងឱ្យឃើញនូវភាពអាក្រក់បំផុត រហូតពិបាកនឹងជឿថារឿងភាគនេះជាស្នាដៃដំបូងរបស់នាង។ មិនតែប៉ុណ្ណោះ ស្ទីលតែងខ្លួនរបស់ Jang Da Ah ក្នុងរឿងនេះក៏ទាក់ភ្នែកទស្សនិកជនយ៉ាងខ្លាំង រហូតដល់មនុស្សជាច្រើន ថែមទាំងនិយាយចំអន់ថារកខឹងតួអង្គនេះមិនកើតសោះ ព្រោះសម្រស់នាងឈ្នះគ្រប់យ៉ាង។
ត្រលប់ទៅឆ្នាំមុន Jang Da Ah បានបង្ហាញខ្លួនជាតារាសម្ដែងថ្មោងថ្មីវ័យ ២២ ឆ្នាំពី King Kong by Starship ទីភ្នាក់ងារដូចគ្នានឹងតារាសម្តែងឈានមុខជាច្រើនទៀតដូចជា Lee Dong Wook, Yoo Yeon Seok, Lee Kwang Soo, Kim Bum និង Song Ha Yoon។ ទោះជានាងបានថតប្រូម៉ូតក្រោមឈ្មោះ Jang Jin Young (ឈ្មោះពិតរបស់ Jang Da Ah) ហើយមិនត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយថាជាសមាជិកគ្រួសារតារាល្បី ប៉ុន្តែនៅពេលឈានជើងចូលវិស័យសិល្បៈពេញទំហឹង នាងក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ក្នុងនាមជាបងស្រីរបស់ Jang Wonyoung និងចាំមើលថាតើនាងអាចក្លាយជាតារាល្បីដូចប្អូនស្រីរបស់នាងទេ។
ទោះជាយ៉ាងណា ការសម្តែងរបស់នាងនៅក្នុងរឿង “Pyramid Game” បានបង្ហាញឱ្យឃើញយ៉ាងឆាប់រហ័សថា Jang Da Ah គឺពិតជាសក្តិសមនឹងបានការទទួលស្គាល់ និងអាចល្បីឈ្មោះដោយសមត្ថភាពខ្លួនឯងដោយគ្មានខសង្ស័យ។
សម្រាប់ប្អូនស្រីរបស់នាង គឺ Jang Wonyoung សមាជិកក្រុមចម្រៀងនារី IVE ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់រូបសម្រស់ស្រស់សោភា និងការច្រៀង សម្តែងល្អឥតខ្ចោះ ព្រមទាំងត្រូវបានហ្វេនស្រីៗជាច្រើនចាត់ទុកជាគំរូក្នុងការតុបតែងមុខ និងស្លៀកពាក់។ Park Jin Young ស្ថាបនិក JYP ថែមទាំងនិយាយថា ក្នុងចំណោមសិល្បករទាំងអស់ដែលគាត់បានជួបនាពេលកន្លងមក នាងគឺជាមនុស្សម្នាក់ដែលបានកើតមកជាដើម្បីធ្វើជា idol យ៉ាងពិតប្រាកដ។ លោកនិយាយថា៖ “គ្រប់យ៉ាងតាំងពីវិនាទីដំបូងដែលយើងជួបគ្នា ខណៈពេលថត Challenge រហូតដល់ពេលដែលពួកយើងលាគ្នា ធ្វើឱ្យខ្ញុំទទួលអារម្មណ៍ថានាងពិតជាស័ក្តិសមសម្រាប់ការក្លាយជា ‘Idol’។