Lee Jong Suk ជាតារាសម្ដែងប្រុសជួរមុខនៃប្រទេសកូរ៉េខាងត្បូងដែលមិនអាចរាប់រំលងបាននោះទេ។ អស់រយៈពេលជាង ១៥ ឆ្នាំទៅហើយដែលតារាប្រុសរូបនេះបានឈរជើងនៅក្នុងវិស័យ ហើយកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញសុសសាយទាំងក្នុង និងក្រៅប្រទេស។
បច្ចុប្បន្នលោកក៏ជាមិត្តប្រុសដែលពោរពេញទៅដោយភាពកក់ក្ដៅ និងផ្អែមល្ហែមរបស់តារាចម្រៀងស្រី IU ផងដែរ។ ចង់ដឹងថាថាតើតារាប្រុសសង្ហារូបនេះមានការពិតយ៉ាងណាខ្លះ តោះ! មកតាមដាននៅខាងក្រោមនេះ៖
១. ចាប់ផ្ដើមអាជីពដំបូងជាតារាម៉ូដែលឆ្នាំ ២០០៥
នៅក្នុងវ័យ ១៥ ឆ្នាំតារាប្រុស Lee Jong Suk បានចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូដនៅ Seoul Collection walkway ក្នុងឆ្នាំ ២០០៥ ដែលធ្វើឱ្យលោកក្លាយជាតារាម៉ូដែលប្រុសមានវ័យក្មេងបំផុតក្នុងកម្មវិធីនេះ។ ចាប់តាំងពីពេលនោះមក លោកក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូដជាបន្តបន្ទាប់។
២. ចាប់ផ្ដើមជាតារាសម្ដែងនៅឆ្នាំ ២០១០
នៅក្នុងឆ្នាំ ២០១០ តារាម៉ូដែលប្រុសរូបនេះក៏បានចាប់ផ្ដើមបោះជំហានចូលក្នុងវិស័យសិល្បៈជាតារាសម្ដែងដំបូងនៅក្នុងរឿង Prosecutor Princess ដោយលោកបានគ្រងតំណែងជាតួរង។ ចំពោះមូលហេតុដែលលោកចង់ក្លាយជាតារាសម្ដែងគឺបន្ទាប់ពីបានមើលរឿង Full House ហើយ កំពូលតារាចម្រៀង និងសម្ដែង Rain ក៏បានក្លាយជាអាយដលក្នុងដួងចិត្តលោកតែម្ដង។ នៅក្នុងបទសម្ភាសជាមួយ KBS លោកក៏បានប្រាប់លោកមិនមែនត្រឹមតែចង់ក្លាយជាតារាសម្ដែងបន្ទាប់ពីមើលនោះហើយទេ ពោលគឺលោកចង់សម្ដែងឱ្យល្អ និងឡូយដូច Rain ដែរ។
៣. ជាកូនបងក្នុងគ្រួសារ
តារាសម្ដែងប្រុស Lee Jong Suk មានបងប្អូន ៣ នាក់ដោយលោកជាកូនប្រុសច្បង។ លោកធ្លាប់និយាយនៅក្នុងបទសម្ភាសជាមួយ Estar Entertainment ថាបើទោះបីលោកជាកូនប្រុសច្បងពិតមែន ប៉ុន្តែលោកមានអារម្មណ៍ថាប្អូនប្រុសរបស់លោកមានភាពចាស់ទុំជាងលោកណាស់។ លោកក៏បានបន្ថែមទៀតថា កាលលោកនៅក្មេងម្ដាយរបស់លោកមិនអាចទុកលោកចោលម្នាក់បានឡើយព្រោះលោកច្បាស់ជាយំយ៉ាងខ្លាំងជាមិនខាន។
៤. ជាមនុស្សស្ងៀមស្ងាត់ ឬ Introvert
បើទោះបីលោកជាតួសម្ដែងពិតមែន ប៉ុន្តែជាមនុស្សស្ងៀមស្ងាត់តាំងពីក្មេងមកម្ល៉េះដោយក្នុងបទសម្ភាសជាមួយ Estar Entertainment លោកបានប្រាប់ថាអំឡុងពេលរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាលោកមិនដែលលើកដៃឆ្លើយសំនួរនោះទេ។ ក្រោយមកលោកក៏បានបន្ថែមពេលនេះលោកក៏អាចចេះនិយាយលេងបានច្រើនជាងមុនបើប្រៀបទៅនឹងកាលពីមុនដែលធ្វើឱ្យម្ដាយរបស់លោកសប្បាយចិត្តមែនទែន។
Lee Jong Suk និង Kim Woo Bin គឺជាមិត្តល្អជាមួយគ្នាចាប់តាំងពីក្លាយជាតារាម៉ូដែលមកម្ល៉េះ។ លើសពីនេះ ពួកគេទាំងពីរក៏ធ្លាប់បានសម្ដែងជាតួមិត្តល្អនៅក្នុងរឿង School 2013 ផងដែរ។ បើទោះបីជាមានការប្រកួតប្រជែងគ្នានៅក្នុងវិស័យនេះក៏ដោយ ក៏ពួកគេទាំងពីរបានភ្នាល់គ្នាថាអ្នកណាធ្វើបានល្អជាងត្រូវប៉ាវអ្នកម្ខាងញ៉ាំអាហារទៀតផង។