អ្នកគាំទ្រជាច្រើនសុទ្ធតែបានដឹងរួចមកហើយថា KBS គឺជាស្ថានីយទូរទស្សន៍ជាតិរបស់កូរ៉េខាងត្បូងដែលមានច្បាប់តឹងរ៉ឹងខ្លាំងក្នុងការអនុញ្ញាតឱ្យចាក់ផ្សាយកម្មវិធីនានា ឬបទចម្រៀងខេប៉ុប។ ជាមួយគ្នានេះ KBS ក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ឡើងខ្លាំងថែមមួយកម្រិតទៀតផងដែរ ក្រោយពួកគេបានហាមឃាត់មិនឱ្យចាក់ផ្សាយបទចម្រៀងរបស់តារាក្នុងផលិតកម្ម YG ដោយសារមូលហេតុចម្លែកៗទាំងនេះ៖
១. “CLIK CLAK” របស់ BABYMONSTER
បទចម្រៀងថ្មី “CLIK CLAK” របស់ BABYMONSTER ត្រូវបានស្ថានីយទូរទស្សន៍ជាតិមួយនេះហាមឃាត់មិនឱ្យចាក់ផ្សាយ ដោយសារបានបំពានលើបទប្បញ្ញត្តិការផ្សាយមាត្រាទី ៤៦ នៃច្បាប់ រឹតបន្តឹងឥទ្ធិពលការផ្សាយពាណិជ្ជកម្ម។ ការហាមឃាត់មួយនេះត្រូវបានសម្រេចឡើង ក្រោយពិនិត្យឃើញថាក្នុងបទចម្រៀងមួយនេះមានលើកឡើងពីផលិតផលម៉ាកប្រណិតជាច្រើនរួមមាន Ferrari, Cartier និងផលិតផលផ្សេងៗទៀត។
២. “PINK VENOM” របស់ BLACKPINK
បទចម្រៀងដ៏ល្បីល្បាញរបស់ BLACKPINK គឺ “PINK VENOM” ក៏ត្រូវបានប៉ុស្ដិ៍ទូរទស្សន៍ជាតិមួយនេះហាមឃាត់មិនឱ្យចាក់ផ្សាយដោយសារមូលហេតុមិនខុសពីបទចម្រៀងរបស់ BABYMONSTER នោះទេ។ ក្នុងនោះមានឃ្លាបទចម្រៀងរបស់ Jennie បានច្រៀងថា “waving the coco” ដែលបញ្ជាក់អំពីម៉ាក Channel ខណៈឃ្លារបស់ Lisa គឺ “I’m still in Celine” បញ្ជាក់អំពីម៉ាក Celine ផងដែរ។
៣. “ Kill This Love” របស់ BLACKPINK
ក្នុងឆ្នាំ ២០១៩ BLACKPINK បានត្រលប់មកវិញជាមួយបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ “Kill This Love”។ បើទោះជា MV មានភាពទាក់ទាញ និងល្បីខ្លាំងយ៉ាងណា ក៏ស្ថានីយទូរទស្សន៍ KBS បានហាមប្រាមមិនឱ្យចាក់បទចម្រៀងមួយនេះដែរ។ យោងទៅតាមការប្រកាសរបស់ KBS វីដេអូបទចម្រៀងមួយនេះមានរូបភាពដែលបំពានច្បាប់ចរាចរណ៍ផ្លូវគោកដោយក្នុងឈុតមួយ Rosé បានបើកបរឡានក្នុងល្បឿនលឿនដោយមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ លើសពីនេះ ក៏មានឈុតមួយទៀត Rosé កំពុងឈរកណ្ដាលផ្លូវពេលរថយន្ដកំពុងធ្វើដំណើរក៏ជាមូលហេតុមួយផ្សេងទៀតដែលត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយដែរ។
៤. “ Fxxk It” របស់ BIGBANG
បទ “Fxxk It” របស់ BIGBANG ក៏ត្រូវបានគេហាមមិនឱ្យចាក់ផ្សាយដោយសារតែមានបង្កប់នូវពាក្យពេចន៍មិនសមរម្យ។ យោងតាម KBS បានឱ្យដឹងថាបទចម្រៀងនេះមានឃ្លា “yangachi” មានន័យ “ចោរ” ដែលបណ្ដាលឱ្យបទចម្រៀងមួយនេះត្រូវគេលុបពីការចាក់ផ្សាយ ដោយសារតែអត្ថន័យនៃបទចម្រៀងអាចធ្វើឱ្យប៉ះពាល់ដល់ទស្សនិកជន។ ជាមួយនឹងការហាមប្រាមដោយ KBS ផលិតកម្ម YG បានប្រកាសឈរលើមូលដ្ឋានរបស់ពួកគេគឺមិនផ្លាស់ប្ដូរទៅជាពាក្យសមរម្យជាងនេះ ដើម្បីតែការចាក់ផ្សាយនោះទេ។
៥. “ Galaxy” របស់ AKMU
AKMU ក៏បានប្រឈមមុខជាមួយនឹងស្ថានការណ៍ស្រដៀងគ្នា និងហេតុផលដ៏គួរឱ្យហួសចិត្តនៅពេលដែលពួកគេទទួលបានបម្រាមពី KBS។ ប៉ុស្ដិ៍មួយនេះបានចាត់ទុកថា “Galaxy” នៅក្នុងបទចម្រៀងរបស់ពួកគេថាជាការផ្សាយពាណិជ្ជកម្មដោយប្រយោលសម្រាប់ស៊េរី Galaxy របស់ស្មាតហ្វូន Samsung ដ៏ល្បីល្បាញ។
៦. “ I’m Busy” ដោយ 2 NE 1
ហេតុផលនៃការហាមឃាត់មិនឱ្យចាក់ផ្សាយបទ “I’m Busy” ដោយ 2NE1 ក៏មិនខុសគ្នាពីបទចម្រៀងរបស់ BIGBANG ដែរដោយស្ថានីយបាននិយាយថានៅក្នុងបទចម្រៀងមានពាក្យ “babo” ជាភាសាកូរ៉េមានន័យថា “ល្ងង់” ដែលវាផ្ទុយពីបទប្បញ្ញត្តិរបស់ KBS។
៧. “Everyday” របស់ WINNER
បន្ទាប់ពីក្រុម WINNER បានចេញបទចម្រៀង “Everyday” អ្នកគាំទ្រជាច្រើនពិតរីករាយជាមួយនឹងបទចម្រៀងមួយបទនេះយ៉ាងខ្លាំង។ ប៉ុន្តែសម្រាប់ KBS វិញបានជឿជាក់ថាបទមួយនេះគឺមិនបានឆ្លងកាត់ការពិនិត្យត្រឹមត្រូវនោះទេ។ ជាពិសេសក្នុងបទចម្រៀងមួយនេះមានពាក្យ “lotto” ដែលសន្មត់ថាជាពាក្យបង្កប់ន័យលើកទឹកចិត្តឱ្យយុវជនចូលរួមនៅក្នុងល្បែងស៊ីសងខុសច្បាប់។
៨. “Gentleman” របស់ PSY
អំឡុងពេលស្ថិតជាតារារបស់ផលិតកម្ម PSY បានចេញនូវបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះក៏មានបទ “Gentleman” ផងដែរ។ មួយបទនេះក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមិនធម្មតាដែរ ប៉ុន្តែបែរជាត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសកំណើតរបស់ខ្លួនទៅវិញ។ មូលហេតុនោះគឺក្នុងបទចម្រៀង PSY បានទាត់កោណចរាចរណ៍ ដែលនេះត្រូវបានចាត់ទុកជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងចាត់ទុកជាទង្វើមិនសមរម្យផងដែរ។
ខណៈដែលការត្រួតពិនិត្យហើយចាប់យកកន្លែងខុសឆ្គងគឺជាការចាំបាច់ និងការជំរុញទឹកចិត្ត ប៉ុន្តែ KBS បានធ្វើឱ្យអ្នកគាំទ្រខេប៉ុបមួយចំនួនយល់ច្រលំទៅលើការហាមប្រាមបទចម្រៀងរបស់តារាចម្រៀង YG ដោយគិតថាមិនសមហេតុផល។ តែក៏មានតារាជាច្រើនទៀត ក្រៅពីផលិតកម្ម YG សុទ្ធតែត្រូវបាន KBS ហាមឃាត់ ព្រោះខុសនឹងបទប្បញ្ញត្តិរបស់ស្ថានីយទូរទស្សន៍៕