ក្រោយ Bain សមាជិកក្រុមចម្រៀងខេប៉ុបបុរស Just B បានចេញមកប្រកាសថា ខ្លួនជាសមាជិកនៃសហគមន៍ LGBTQ+ ប្រធានបទនៃការទទួលស្គាល់ខ្លួនឯងនេះ កាន់តែរីកទូលំទូលាយក្នុងឧស្សាហកម្មខេប៉ុប ដោយមានបុគ្គលខ្លះបានលើកឡើងថា វាអាចជាកត្តាថ្មីមួយ ដែលចូលរួមកំណត់អនាគតរបស់វិស័យខេប៉ុបនៅពេលខាងមុខ។
ផ្អែកតាមសារព័ត៌មាន The Korea Times ដើមហេតុនៃការជជែកវែកញែករឿងនេះ កើតឡើងនៅពេលដែល Bain បានប្រកាសដំណឹងនេះដោយបើកចំហរ នៅក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ JUST ODD ឯ The Vermont Hollywood ក្នុងទីក្រុង Los Angeles។ ជាក់ស្ដែង នៅគ្រានោះលោកបាននិយាយថា៖ “ខ្ញុំពិតជាមានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃសហគមន៍ LGBTQ”។
ក្រោយមកទៀត សិល្បករដែលធ្វើសកម្មភាពតែមួយ ដូចជា Jia អតីតសមាជិក WA$$UP, Som Hae Win ដែលជាបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង Idol School និងតារាចម្រៀង Kwon Do Woon ក៏ទទួលបានជោគវាសនាមិនខុសពីគ្នា។
លោកស្រី Yi Ho-rim សកម្មជនមកពី Solidarity for LGBT Human Rights of Korea បានលើកឡើងថាបញ្ហាការទទួលស្គាល់ LGBTQIA+ នៅក្នុងសង្គមរបស់កូរ៉េខាងត្បូងកំពុងតែមានការប្រែប្រួលក្នុងទំនោរវិជ្ជមាន។ លោកស្រីបានប្រាប់សារព័ត៌មាន The Korea Times ថា៖ “នៅក្នុងករណីថ្មីៗនេះ ដូចជារឿងរបស់ Bain និងការណ៍ដែលលោកស្រី Youn Yuh-jung ចេញមកលាតត្រដាងរឿងកូន ខ្ញុំសង្កេតឃើញថា ការឆ្លើយតបភាគច្រើនគឺវិជ្ជមាន”។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Korea Times លោក Jung Deok-hyun ដែលជាអ្នករិះគន់វប្បធម៌បាននិយាយថា កន្លងមកវិស័យតន្ត្រីខេប៉ុប គឺមានក្រឹត្យក្រមតម្រូវទៅតាមការរំពឹងរបស់ទស្សនិកជនក្នុងស្រុក ដូចជាហាមឱ្យតារាមានទំនាក់ទំនងស្នេហា និងការបង្ហាញពីចំណង់ចំណូលចិត្តផ្លូវភេទរបស់ខ្លួនជាដើម។