ជាក់ស្ដែង បុគ្គលក្នុងប្រវត្តិសាស្រ្ត និងសាសនាដែលមនុស្សជាទូទៅគិតថាជាតាណូអែលអាចនឹងមានច្រើន។ ទន្ទឹមគ្នានោះ ក៏មិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បាន១០០ភាគរយទេថា នរណាជាតាណូអែល ឬ Santa Claus ឱ្យពិតប្រាកដ។ ក្នុងន័យសង្ខេប និងទ្រឹស្ដីដែលមានអ្នកជឿច្រើនបំផុត Santa Claus អាចនឹងជាបុគ្គលដែលកើតពីការស្រមើស្រមៃ ក៏ប៉ុន្តែបានទទួលរងការបំផុសគំនិតចេញពីមនុស្សពិតក្នុងប្រវត្តិសាស្រ្ត នោះគឺ Saint Nicolas ដែលជាបុព្វជិតសាសនាគ្រឹស្តម្នាក់ស្នាក់នៅក្នុងប្រទេសតួកគី។
រហូតដល់ឆ្នាំ ១៨២៣ លោក Clement Clarke Moore បាននិពន្ធកំណាព្យមួយទាក់ទងជាមួយនឹងលោកតាណូអែលក្រោមចំណងជាងថា “A Visit from St. Nicholas” ឬ “Twas the Night Before Christmas” ។ នៅក្នុងវគ្គមួយដែលរៀបរាប់ពីរូបរាងរបស់តាណូអែល កវីនិពន្ធរូបនេះបានលើកឡើងថា Santa Claus ស្លៀកឈុតរោមសត្វពណ៌ក្រហមមួយតួខ្លួន មានថ្ពាល់ពណ៌ផ្កាឈូក រួមទាំងមានពុកមាត់ដែលមានពណ៌សប្រៀបបានទៅនឹងព្រិល។ តាមរយៈកំណាព្យមួយនេះ រូបរាង និងមុខមាត់ថ្មីរបស់ Santa Claus បានចាប់ផ្ដើមស្ថិតនៅក្នុងការចង់ចាំរបស់សាធារណជនទៅហើយ តែជាក់ស្ដែងមនុស្សទូទៅនៅតែមិនទាន់ចាប់អារម្មណ៍នឹងឈុតពណ៌ក្រហមរបស់ Santa Claus នៅឡើយទេ។
លុះមកដល់ឆ្នាំ ១៨៦៣ ក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងមានសង្គ្រាម ទស្សនាវដ្ដី Harper’s Weekly បានទៅជួលជាងគំនូរម្នាក់ដែលមានឈ្មោះថា Thomas Nast មកគូររូប Santa Claus ភ្ជាប់ជាមួយនឹងកំណត់បញ្ជាឱ្យជាងគំនូរនោះ គូររូប Santa Claus ដើម្បីចូលរួមលើកទឹកចិត្តដល់ទាហានដែលកំពុងតែតស៊ូក្នុងភ្លើងសង្គ្រាមនាជំនាន់នោះ។ ជាលទ្ធផល Thomas Nast ក៏បានគូររូប Santa Claus ក្នុងឈុតឆ្នូតលាយផ្កាយ ស្រដៀងគ្នាទៅនឹងទង់ជាតិរបស់អាមេរិក ហើយរូបមួយនេះក៏ចាប់ផ្ដើមទទួលបានការពេញនិយមរហូតផ្ដល់ឱកាសឱ្យវិចិត្រកររូបនេះបានទទួលការងារគូររូបលោកតាណូអែលជាច្រើនឆ្នាំបន្ទាប់ពីនេះ ក៏ប៉ុន្តែតាណូអែលនៅមិនទាន់និយមពាក់ឈុតពណ៌ក្រហមនៅឡើយនោះទេ។