ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែលផ្តល់អារម្មណ៍ស្កប់ស្កល់ដល់ទស្សនិកជន ក្នុងនាមជាតំណាងឱ្យជនរងគ្រោះ។
រឿង Teach You a Lesson មានសាច់រឿងផ្ដោតលើ “ការិយាល័យការពារសិទ្ធិអប់រំកូរ៉េ” ដែលបង្កើតឡើងដើម្បីស្តារសណ្តាប់ធ្នាប់ក្នុងថ្នាក់រៀនឡើងវិញ បន្ទាប់ពីធ្លាក់ក្នុងបញ្ហាក្រោមស្នាដៃរបស់សិស្សមិនស្តាប់បង្គាប់ និងអាណាព្យាបាលដែលកាន់ជើងកូនហួសហេតុ។ ភាពយន្តភាគមួយនេះទទួលបានជោគជ័យយ៉ាងធំធេង ដោយអាចទាក់ទាញទស្សនិកជននៅជុំវិញពិភពលោក ទាំងនៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង។
យោងតាមគេហទំព័រ FlixPatrol កាលពីថ្ងៃទី១៦ ខែមិថុនានេះ Teach You a Lesson បានឈរនៅលំដាប់ថ្នាក់កំពូលនៅ ៤៣ប្រទេស រួមមាន ប្រទេសកូរ៉េ ប្រេស៊ីល បារាំង អាល្លឺម៉ង់ ជប៉ុន ហុងកុង សិង្ហបុរី និងម៉ាឡេស៊ីជាដើម។
ស្របគ្នានឹងភាពជោគជ័យខាងលើ សារព័ត៌មាន The Korea Time បានចុះផ្សាយថា ប្រជាប្រិយភាពដ៏លេចធ្លោនេះ គឺដោយសារតែទស្សនិកជនជាច្រើននាក់យល់ឃើញថា រឿងនេះមានភាពស្រដៀងគ្នានឹងជីវិតពិត បើទោះបីជាទស្សនិកជនទាំងនោះមិនបានសិក្សាក្រោមប្រព័ន្ធអប់រំរបស់កូរ៉េក៏ដោយ។