ក្រោយបញ្ចប់ស្នាដៃអាល់ប៊ុមទី១ដោយជោគជ័យ ម្ចាស់បទ «BORN THIS WAY» និងក្រុមការងារ បារមី បានចុះទៅធ្វើកម្មវិធីសប្បុរសធម៌មួយនៅខេត្តព្រះវិហារ ដោយបានចែកជូននូវគ្រឿងឧបភោគបរិភោគដល់គ្រួសារកំពុងខ្វះខាត ៨១គ្រួសារ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ អំឡុងឆ្នាំ២០២០ ម្ចាស់បទ «Queen bee» បានជាប់ជា Best Male Artist of the Year 2020 និងពាន Best Music Performance 2020 ពីកម្មវិធី Cambodian Music Award។
រហូតមកទល់ពេលនេះ វីដេអូចម្រៀងលើកស្ទួយនិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរ «TIME TO RISE» មានអ្នកចុចចូលស្តាប់ច្រើនជាង ១០០លានដង និងបានជាប់ចំណាត់ថ្នាក់លេខ១ LiFTED Lists 2021 ល្អដាច់គេប្រចាំឆ្នាំ និងត្រូវបានជ្រើសជា “The best 100 songs of 2021” on Apple Music ទៀតផង។ មិនតែប៉ុណ្ណោះ វណ្ណដា ជាសិល្បករដំបូងនៃប្រទេសកម្ពុជា ដែលបានឈរនៅលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ LiFTED Asia ប្រចាំខែធ្នូឆ្នាំ២០២១។ បន្ថែមពីលើនោះ វណ្ណដា ក៏ទទួលបានវិញ្ញាបនបត្រឧត្តមភាពពីអង្គការ UNDP 2021 ផងដែរ។
ម្ចាស់បទ «Time To Rise» បានរៀបចំ $KULLTHEALBUM Concert លើកដំបូងសម្រាប់ $KULLTHEALBUM (2020) នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២២ និងបានបង្កើតមុខមាត់ថ្មីឱ្យខ្លួនឯងលើឆាកអន្តរជាតិ តាមរយៈការ Collaboration ផលិតបទ «RUN THE TOWN» ជាមួយ Rapper ថៃល្បីៗដូចជា F.HERO 1MILL និង SPRITE ឱ្យ High Cloud Entertainment។ មិនយូរប៉ុន្មានលោកក៏បានធ្វើ Collaboration ជាមួយ Rapper ថៃ OG BOBBY ផលិតបទ BONG ធ្វើឱ្យកិត្តិនាមតារាចម្រៀងរូបនេះកាន់តែល្បីសុះសាយនៅប្រទេសថៃ រហូតអ្នកសារព័ត៌មានថៃសម្ភាសន៍ព្រោងព្រាត។
វណ្ណដា បានប្រារព្ធរៀបចំ Solo Tour លើកដំបូងបង្អស់ឈ្មោះថា $KULL TOUR ទៅខេត្តក្រុង ៥ ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២ ពោលគឺក្រោយពីលោកទម្លាក់ Album «$KULL II» Season 1 កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ ប្រមាណមួយខែ ក្រោយចប់ Solo Tour វណ្ណដា បានទម្លាក់បទ «J+O II» ជាចម្រៀងដ៏រសើបលាតត្រដាងពី file បទចម្រៀងដែលបែកធ្លាយទាំងមិនទាន់បញ្ចេញផ្លូវការ ធ្វើឱ្យកើតការ Diss Track គ្នារវាងអ្នកគាំទ្រលោក និងអ្នកគាំទ្រតារាចម្រៀងរ៉េប ជី ដេវីត ព្រោះថ្ងៃដែលលោកទម្លាក់បទនោះគឺជាថ្ងៃ Concert ដ៏ធំរបស់ ជី ដេវីត។ ចំណែក អត្ថន័យនៃបទចម្រៀងរ៉េបរបស់អ្នកទាំងពីរហាក់ផ្តោះផ្តង់បោះពាក្យសម្តីដាក់គ្នាដោយមិនប្រើកន្តាប់ដៃ តែប្រើភ្លេងជំនួសវិញ។ ដោយសាររឿងបែកធ្លាយ file ចម្រៀងធ្វើឱ្យអ្នកនិពន្ធ សង្ហា ហើយក៏មិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ វណ្ណដា ត្រូវចាកចេញពីផលិតកម្ម បារមី ព្រោះលោកជាអ្នកនាំបុគ្គលដទៃចូលមកបារមី ហើយធ្វើឲ្យអាល់ប៊ុមចម្រៀង SKULL II វគ្គ ២ ដែលត្រូវចេញកាលពីចុងឆ្នាំ ២០២២ ត្រូវបានចែកចាយជាមុន ហើយខ្លួន វណ្ណដា ផ្ទាល់ក៏ខកចិត្តខ្លាំងណាស់ នៅពេលដឹងដំណើរដើមចមនៃការបែកធ្លាយបទចម្រៀងទាំងនោះ។
វណ្ណដា កំពុងត្រៀមបំបែកកំណត់ត្រាថ្មីមួយទៀតក្នុងនាមជាសិល្បករកម្ពុជាតែម្នាក់គត់ ដែលនឹងមានវត្តមានលេីឆាកប្រគំតន្ត្រី Hip Hop ដ៏ធំបំផុតលំដាប់ពិភពលោក Biggest Hip Hop Festival in the world (Rolling Loud Thailand) ហេីយក្នុងនោះតារារ៉េបលំដាប់កំពូលរូបនេះ ក៏នឹងមានវត្តមានលេីឆាកតែមួយជាមួយ Cardi B តារារ៉េបស្រីដ៏ល្បីល្បាញពាសពេញពិភពលោក។ Rolling Loud Thailand នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ វណ្ណដា នឹងចូលរួមនៅថ្ងៃទី១៣ ជាថ្ងៃបើកព្រឹត្តិការណ៍ដំបូង។