ជឿជាក់ថាចិត្តរបស់មនុស្សស្រីទាំងអស់តែងតែប្រាថ្នាចង់បានសុភមង្គល និងក្ដីសុខបន្ទាប់ពីសម្រេចចិត្តដើរចូលរោងការជាមួយមនុស្សជាទីស្រឡាញ់។ ប៉ុន្តែក្ដីប្រាថ្នាទាំងអស់នោះក៏មិនមែនសុទ្ធតែអាចកើតឡើងចំពោះមនុស្សស្រីគ្រប់គ្នាដែរ។ ជាក់ស្ដែងមិនត្រឹមតែមនុស្សសាមញ្ញនោះទេ សូម្បីតែតារាស្រីតៃវ៉ាន់ល្បីឈ្មោះ Ariel Lin និង Barbie Hsu ក៏ជួបនឹងជីវិតអភ័ព្វក្រោយអាពាហ៍ពិពាហ៍ ផ្ទុយដាច់ស្រឡះពីតារាស្រី Rainie Yang និង Ella តែម្ដង។
សម្រាប់តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំ Ariel Lin ត្រូវបានទស្សនិកជនជាច្រើនស្គាល់តាមរយៈរូបរាងតូចច្រឡឹង និងទឹកមុខស្លូតបូតនៅក្នុងខ្សែភាពយន្ដដែលនាងបានសម្ដែង។ នាងទទួលបានភាពល្បីល្បាញកាន់ខ្លាំងបន្ទាប់ពីសម្ដែងខ្សែភាពយន្ដភាគល្បីៗដូចជា “It Started with a Kiss”, “Love or Bread” និង “In Time with You”។ រហូតដល់ឆ្នាំ ២០១៤ តារាសម្ដែងស្រីរូបនេះក៏បានសម្រេចចិត្តរៀបការជាមួយស្វាមីរបស់នាង Charles Lin ដែលជាអ្នកជំនួញ និងទទួលបានកូនស្រីម្នាក់ជាចំណងដៃសម្រាប់អ្នកទាំងពីរមានឈ្មោះថា Little Lin។ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏ត្រូវរស់នៅបែកគ្នាដោយសារវិបត្តិកូវីដ ១៩ និងភារកិច្ចការងារមួយចំនួនដែរ។ មិនមែនមានហេតុផលប៉ុណ្ណេះនោះទេ ស្វាមីរបស់នាងក៏ធ្វើឱ្យមានពាក្យចចាមអារ៉ាមច្រើនមិនធម្មតាដោយគេរកឃើញថាលោកតែងតែលួចលាក់មានអ្នកថ្មីជាញឹកញាប់។ ជាក់ស្ដែងថ្មីៗនេះ តារាស្រី Ariel Lin ថែមទាំងត្រូវបានគេប្រទះឃើញជាញឹកញាប់នៅពេលនាងតែងតែទៅទទួលកូនស្រីអាយុ ៣ ឆ្នាំតែម្នាក់ឯងពីសាលាមតេ្តយ្យដោយមិនមានវត្ដមានរបស់ Charles Lin ឡើយ។