ការស្លាប់របស់ Kim Sae Ron កំពុងតែក្លាយជាប្រធានបទវែកញែកមួយនៅក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង។ ស្របពេលដែល ស្ថាប័នសារព័ត៌មានមួយចំនួនបានរិះគន់ថា ហេតុការណ៍ខាងលើនេះអាចមានដើមចមកើតចេញពីពាក្យរិះគន់នៅលើបណ្ដាញទំនាក់ទំនងសង្គម មានអ្នកខ្លះទៀត បានប្រៀបធៀបហេតុការណ៍នេះទៅនឹងបញ្ហាអសមភាពយេនឌ័រ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ តារាសម្ដែងរបស់កូរ៉េខាងត្បូង Kim Sae Ron បានទទួលមរណភាព ត្រឹមវ័យ ២៤ឆ្នាំនៅក្នុងផ្ទះរបស់នាង ឯទីក្រុងសេអ៊ូល។ ទន្ទឹមគ្នានឹងមូលហេតុជាក់លាក់នៅមិនទាន់បើកចំហរនៅឡើយ សាធារណជនមួយចំនួនបានផ្សារភ្ជាប់ហេតុការណ៍នេះ ទៅនឹងបញ្ហាមតិរិះគន់ ដែលតារាម្នាក់ៗត្រូវជួបប្រទះនៅលើបណ្ដាញទំនាក់ទំនងសង្គម។
ជាក់ស្ដែង នៅមួយថ្ងៃបន្ទាប់ពីសោកនាដកម្មបានកើតឡើង ស្ថាប័នកាសែតធំៗរបស់កូរ៉េខាងត្បូង បានចេញផ្សាយអត្ថបទជាច្រើនទាក់ទងទៅនឹងបរិយាកាសអវិជ្ជមាននៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់កូរ៉េខាងត្បូងមិនថា ពីមជ្ឍដ្ឋានទស្សនិកជន និងស្ថាប័នព័ត៌មានផ្ទាល់នោះទេ ដោយលើកយកករណីរបស់ Kim Sae Ron មកធ្វើជាគំរូ។
សាវតាដើមនៃបញ្ហាខាងលើនេះ បានកើតឡើងក្នុងខែឧសភា ឆ្នាំ២០២២ ដោយគ្រានោះ Kim Sae Ron បានបើកបរក្រោមស្ថានភាពស្រវឹងទៅបុករនាំងផ្លូវ និងម៉ាស៊ីនភ្លើង នាំឱ្យចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ជាង ៣ម៉ោងក្នុងហាងលក់ដូរចំនួន ៥៧កន្លែង រហូតហាងទាំងនោះមិនអាចបើកដំណើរការអាជីវកម្មរបស់ខ្លួនបាន។ ដើមហេតុដែលធ្វើឱ្យប្រជាជនស្ដីបន្ទោស Kim Sae Ron កាន់តែខ្លាំងនោះ ព្រោះនៅពេលកើតហេតុភ្លាមៗតារាស្រីរូបនេះបានព្យាយាមរត់គេច និងមិនព្រមសហការជាមួយប៉ូលីសក្នុងការតេស្តរកជាតិអាកុលក្នុងខ្លួននោះទេ។
ជាអកុសល សារព័ត៌មានក្នុងស្រុកមិនបានផ្សព្វផ្សាយពីទំនួលខុសត្រូវទាំងនេះទៅកាន់សាធារណជនឡើយ ដែលនាំឱ្យ Kim Sae Ron នៅតែជាទិសដៅនៃការរិះគន់របស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ស្របពេលដែលតារាស្រីរូបនេះក៏ត្រូវប្រឈមមុននឹងការរាយការណ៍បែបអវិជ្ជមានឥតឈប់ឈរពីស្ថាប័នព័ត៌មានផងដែរ។
កាសែតក្នុងស្រុក The Korea Time បានរិះគន់ថា ស្ថាប័នមួយចំនួនថែមទាំងបានឈ្លានពានដល់ជីវិតឯកជនរបស់សិល្បកររូបនេះទៀតផង បើទោះបីជានាងបានទទួលខុសត្រូវទៅហើយក៏ដោយចុះ។ ជាក់ស្ដែង Kim Sae Ron ត្រូវបង្ខំចិត្តសម្រាកពីការងារតាមមតិរិះគន់ ហើយក្រោយមកនាងក៏នៅតែមានឧបសគ្គក្នុងការវិលត្រឡប់មកកាន់ពិភពសិល្បៈវិញ។
ខណៈរឿងអាស្រូវកាលពីឆ្នាំ២០២២នេះ បានធ្វើឱ្យ Kim Sae Ron ត្រូវជំពាក់បំណុលអតីតភ្នាក់ងាររបស់ខ្លួនជាង ៧០០លានវ៉ុន ឬប្រមាណ ៤៨៧ ០០០ ដុល្លារអាមេរិក ហើយការងារសម្ដែងក៏បានបាត់បង់ទៀតនោះ ទើបនាងសម្រេចចិត្តទៅធ្វើការក្រៅម៉ោងនៅហាងកាហ្វេ និងបើកថ្នាក់បង្រៀនការសម្ដែងដើម្បីដោះស្រាយបញ្ហាជីវភាព។ តែជារឿងដែលគួរសោកស្ដាយ មិនថាតារាស្រីរូបនេះព្យាយាមប្រើប្រាស់ជីវិតឯកជនរបស់ខ្លួនក្នុងវិស័យផ្សេងក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងមួយចំនួនបានព្យាយាមតាមដាននាងគ្រប់ជំហាន ព្រមទាំងដាក់ឈ្មោះឱ្យតារាស្រីរូបនេះថា “អ្នកបើកបរទាំងស្រវឹង Kim Sae Ron” និង “មនុស្សឥតអៀនខ្មាស” ទៀតផង។
ដូចគ្នាដែរ កាសែត Hankook Ilbo បានបញ្ចេញការយល់ឃើញថា ទោះបីជា Kim Sae Ron បានបាត់បង់ជីវិតទៅហើយក្ដី ក៏ប៉ុន្តែកាសែតមួយចំនួននៅតែព្យាយាមកេងប្រវ័ញ្ចតារារូបនេះដោយទាក់ទាញអ្នកអាន តាមរយៈរូបភាពនៃអត្ថបទពីបញ្ហាក្នុងពេលអតីតរបស់តារាស្រីរូបនេះ។
ជាក់ស្ដែង The Korea Time បានលើកឧទាហរណ៍ថា តារាប្រុសល្បីៗដូចជា Song Kang-ho, Um Ki-jun, Lee Yi-kyung, Kim Jae-joong, Kwak Do-won, Daesung, Eun Ji-won, Yoo Se-yoon និងសូម្បីតែតួឯកប្រុសនៅក្នុងរឿង Squid Game គឺ Lee Jung-jae នៅតែអាចមានជីវិតរុងរឿងក្នុងវិស័យសិល្បៈ បើទោះបីជាធ្លាប់បង្កគ្រោះថ្នាក់ដោយសារតែបើកបរក្នុងស្ថានភាពស្រវឹងក៏ដោយ។ ផ្ទុយមកវិញ តារាស្រីៗ តួយ៉ាង Kim Sae Ron ដែលធ្លាប់សាងកំហុសក្នុងរឿងហេតុតែមួយនេះ បែរជាទទួលរងសម្ពោធមិនស្មើភាពគ្នាទៅវិញ។
លោក Na Jong-ho ជំនួយការសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Yale បានរិះគន់ទៅលើសង្គមទាំងមូលទាក់ទងនឹងបញ្ហាមួយនេះថា៖ “ការស្លាប់របស់ Kim Sae Ron ប្រៀបបាននឹងមានមនុស្សរុញច្រាននាងទៅដាក់នឹងមាត់ជ្រោះអ៊ីចឹង។ នេះជាសង្គមមួយដែលចូលចិត្តកប់មនុស្សដែលមានកំហុសចោល ទាំងមិនផ្ដល់ឱកាសឱ្យគ្នាជាលើកទីពីរ”។