លោក Tony Buzbee មេធាវីរបស់ជនរងគ្រោះដែលកំពុងប្តឹងលោក Sean Combs ឬ P. Diddy បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី ១ ខែតុលា ដោយបានចោទប្រកាន់ P. Diddy ថាបានរំលោភផ្លូវភេទលើជនរងគ្រោះចំនួន ១២០ នាក់ ភាគច្រើនជាអនីតិជន។ មេធាវីរូបនេះបានលាតត្រដាងទៀតថាសម្រាប់ករណីក្មេងប្រុសអាយុ ៩ ឆ្នាំ គឺត្រូវបានរំលោភបំពានផ្លូវភេទក្នុងខណៈពេលចូល Audition ក្នុងផលិតកម្ម Bad Boy Records របស់ P. Diddy នៅញូវយ៉ក។
លោក Tony Buzbee បានបង្ហើបថា៖ “មានក្មេងប្រុសច្រើននាក់ទៀត ដែលបានទៅចូលរួមក្នុងការធ្វើតេស្ត និងស្ថិតក្នុងហេតុការណ៍នោះដែរ។ ពួកគេទាំងអស់ដែលសុទ្ធតែជាអនីតិជនបានព្យាយាមបញ្ចេញសមត្ថភាពដើម្បីធ្វើយ៉ាងណាឱ្យខ្លួនអាចចុះកុងត្រាជាមួយក្រុមហ៊ុន ហើយក្នុងនោះក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ត្រូវបាន Sean Combs និងមនុស្សមួយក្រុមទៀតរំលោភផ្លូវភេទក្នុងស្ទូឌីយ៉ូ ដោយមានការសន្យាថាទាំងឪពុកម្តាយនិងកុមាររូបនេះនឹងអាចចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន”។
លោក Tony Buzbee បានបង្ហាញថាក្រុមហ៊ុនមេធាវីរបស់លោក និងក្រុមហ៊ុនច្បាប់ AVA នឹងតំណាងឱ្យជនរងគ្រោះយ៉ាងហោចណាស់ ១២០ នាក់ក្នុងការទាមទារសំណងរដ្ឋប្បវេណីប្រឆាំងនឹង P. Diddy ដោយជនរងគ្រោះ ២៥ នាក់នៅជាអនីតិជននៅឡើយ។ ជនរងគ្រោះជាច្រើនអះអាងថា ពួកគេត្រូវបាន P. Diddy ធ្វើបាបនៅឯពិធីជប់លៀងផ្សេងៗ មិនថាជាពិធីជប់លៀងអបអរការចេញអាល់ប៊ុមថ្មី ពិធីជប់លៀងឆ្នាំថ្មី រួមទាំង White Party ខណៈមួយចំនួនត្រូវបានបំពានពេលកំពុងធ្វើតេស្តចូលផលិតកម្ម Bad Boy Records។ ហេតុការណ៍ទាំងនោះបានកើតឡើងនៅទីក្រុង Los Angeles, Miami, Manhattan និង Hamptons ក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២៤។
មេធាវីដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះជាច្រើនបានចោទប្រកាន់ថា ពួកគេបានធ្វើតេស្តរកសារធាតុញៀន បន្ទាប់ពីហេតុការណ៍បានកើតឡើង ហើយបានរកឃើញសារធាតុ Xylazine ឬថ្នាំស្ពឹកសម្រាប់សេះនៅក្នុងប្រព័ន្ធរាងកាយ។ យ៉ាងណាក៏ដោយ មេធាវីរបស់ P. Diddy បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ទាំងអស់ និងបន្តបញ្ជាក់ជំហររបស់ P. Diddy ក្នុងការបង្ហាញភាពស្អាតស្អំរបស់ខ្លួនក្នុងតុលាការជាមួយនឹងភស្តុតាងពិតប្រាកដ មិនមែនតាមការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកនោះទេ។