The Business Proposal និយាយពីការណាត់ជួបដោយចៃដន្យមួយរបស់ Shin Ha Ri សម្ដែងដោយ Kim Se Jeong និងមនុស្សប្រុសដែលខ្លួនមិនដែលនឹកស្មានដល់។ ដំបូងឡើយ Shin Ha Ri បានយល់ព្រមនឹងមិត្តម្នាក់ក្នុងការណាត់ជួបជំនួស ដោយសារតែនាងងចង់បានលុយជាថ្នូរ ទាំងមិនបានរំពឹងអ្វី។ ក៏ប៉ុន្តែនៅពេលទៅដល់ទីតាំង ទើបនាងដឹងថា មនុស្សដែលខ្លួនបានណាត់ជួបនោះ គឺជា Kang Tae Moo សម្ដែងដោយAhn Hyo Seop ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនរបស់នាង។
៦. Cinderella at 2AM
Cinderella at 2AM ជារឿងរ៉ាវរបស់ Ha Yun Seo សម្ដែងដោយ Shin Hyun Been ជាមេក្រុមស្រីពេញដោយសមត្ថភាពម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនតែមួយជាមួយនឹងមិត្តប្រុសឈ្មោះ Seo Ju Won សម្ដែងដោយ Moon Sang Min។ ដោយឡែក Ha Yun Seo មិនបានដឹងទេថាមិត្តប្រុសរបស់ខ្លួនគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនដែលខ្លួនកំពុងតែធ្វើការ ហើយនៅពេលដែលការពិតបានលាតត្រដាង ម្ដាយរបស់ Seo Ju Won បានស្នើរឱ្យនាងបញ្ចប់ទំនាក់ទំនងនឹងកូនប្រុសខ្លួន ដោយមានលុយជាថ្នូរ។
៧. She Would Never Know
She Would Never Know មានដំណើររឿងផ្ដោតលើ Yoon Song Ah ដែលជាបុគ្គលិកផ្នែកទីផ្សារ នៅក្រុមហ៊ុនលក់គ្រឿងសម្អាងមួយកន្លែង ដោយនាងមានក្ដីសុបិនចង់ បើកម៉ាកយីហោផ្ទាល់ខ្លួនមួយនៅថ្ងៃអនាគត។ ក៏ប៉ុន្តែជីវិតសាមញ្ញរបស់នាងក៏ស្រាប់តែប្រែប្រួល នៅពេលដែលត្រូវប្រឈមមុខនឹងក្ដីស្រឡាញ់របស់ Chae Hyun Seung តែនាងបែរជាបដិសេធព្រោះតែ Chae Hyun Seung មានវ័យក្មេងជាងខ្លួន។
៨. Start-Up
Start-Up ជាភាពយន្តពីយុវនារីមានមហិច្ចតាខ្ពស់ Seo Dal-mi សម្ដែងដោយ Bae Suzy ដែលមានគោលបំណងចង់ជោគជ័យក្នុងអាជីវកម្ម និងក្លាយជា Steve Jobs ប្រចាំប្រទេសកូរ៉េខាងត្បូង។ ដោយមានចិត្តប៉ងបែបនេះ Seo Dal-mi បានសម្រេចចិត្តឈប់រៀនពីសាកលវិទ្យាល័យ ហើយចូលធ្វើការក្រៅម៉ោង ដើម្បីអាចសន្សំលុយបើកអាជីវកម្មតាមអ្វីដែលខ្លួនគ្រោងទុក។ ជារឿងចៃដន្យ ថ្ងៃមួយនាងបានជួបនឹង Nam Do-san សម្ដែងដោយ Nam Joo-hyuk គឺជាស្ថាបនិកក្រុមហ៊ុន Samsan Tech តែអស់ពេល ២ ឆ្នាំហើយដែលក្រុមហ៊ុននេះមិនទាន់បានផលិតសមិទ្ធផលអ្វីសោះ ។ ការជួបគ្នារបស់អ្នកទាំងពីរ មិនមែនគ្រាន់តែជាផលប្រយោជន៍សម្រាប់ក្ដីប្រាថ្នារៀងខ្លួនប៉ុណ្ណោះទេ តែទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែសន្សឹមៗមានភាពស៊ីជម្រៅទៅមុខ៕