លោកចាប់ផ្ដើមមានភាពល្បីល្បាញក្នុងឆ្នាំ ១៩៨៨ ក្រោយមានឱកាសសម្ដែងក្នុងភាពយន្ដកុន Final Justice ព្រមទាំងឈ្នះពានរង្វាន់ Golden Horse Awards ជាបន្ដបន្ទាប់ ហើយលោកបានបង្ហាញមុខក្នុងភាពយន្ដកុនជាច្រើនរហូតជាង ៤០ រឿង។ ក្នុងនោះមានរឿងល្បីៗដូចជា Shaolin Soccer, CJ7, Journey To The west, God Of Gamblers, King Of Beggars, Hail the Judge និង The God Of Cookery។ លោកក៏បានឈ្នះពានរង្វាន់ជាច្រើនដូចជា តារាសម្ដែងឆ្នើម អ្នកដឹកនាំរឿងឆ្នើម និងផលិតករឆ្នើមជាដើម។ ការសម្ដែងដ៏ប៉ិនប្រសប់របស់លោកបានធ្វើឱ្យមហាជន និងអ្នកជំនាញជាច្រើនកោតសរសើរមិនដាច់ពីមាត់ព្រមទាំងជាប់រហ្ស័សនាមជា ស្ដេចកំប្លែង ហុងកុង។
បើទោះជាជោគជ័យខ្លាំងក្នុងជីវិតសិល្បៈ និងមានជីវភាពរស់នៅល្អខ្លាំងតែ Stephen Chow ហាក់គ្មានគំនិតបង្កើតគ្រួសារដូចតារាប្រុសវ័យស្រករៗខ្លួនឡើយ។ ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយ តារាប្រុសរូបនេះត្រូវបានគេកត់សម្គាល់ឃើញថា ប្រឹងផ្ដោតតែលើការងារ និងចិញ្ចឹមសត្វមួយចំនួនក្នុងផ្ទះប៉ុណ្ណោះ។
ក្រឡេកមកមើលជីវិតស្នេហាវិញ ក្នុងអាជីពជាអ្នកសិល្បៈរបស់លោកបានសេពគប់ជាតារាស្រី ៤ រូបជាលទ្ធផលគ្មាននរណាម្នាក់ដែលអាចកាន់ដៃរបស់លោកចូលរោងមង្គល សាងអនាគតរួមគ្នាឡើយ។ មិត្តស្រីដំបូងរបស់លោកគឺតារាស្រី Luo HuiJuan អ្នកទាំងពីរជួបគ្នាកំឡុងពេលថតរឿង “The Hero” និងចាប់ផ្ដើមសេពគប់គ្នាយ៉ាងចុះសម្រុង។ តែក្រោយមកក្នុងឆ្នាំ ១៩៩០ កេរ្ដិ៍ឈ្មោះលោកកាន់តែល្បីល្បាញក្រោយសម្ដែងក្នុងរឿង “God Of Gamblers” ធ្វើឱ្យលោកជាប់រវល់ និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការមានស្នេហាទើបសម្រេចចិត្តចែកផ្លូវគ្នា។