ព្រះនាង នរោត្តម ជេនណា ដែលជាខត្តិយៈត្រកូលខ្មែរ បានប្រឡូកក្នុងវិស័យសិល្បៈទាំងបុរាណ និងសម័យតែងតែត្រូវបានគេប្រសិទ្ធិនាមថា ឯកអគ្គរដ្ឋទូតវប្បធម៌វ័យក្មេងរបស់កម្ពុជា ថ្មីៗនេះទ្រង់ត្រូវបានសារព័ត៌មានចុះផ្សាយពីការបដិសេធសំណើ CEO ក្រុមហ៊ុន Kpop ដើម្បីផ្ដោតលើការសិក្សា។
ព័ត៌មាននៃការបដិសេធសំណើនៃការផ្ដល់ជូនឲ្យក្លាយជាតារា Kpop របស់ព្រះនាង នរោត្តម ជេនណា ដែលសែរាជវង្សខ្មែរ មានភាពល្បាញល្បីទាំងចំណេះដឹង និងទេពកោសល្យពហុជំនាញ ខ្ទរខ្ទារពាសពេញពិភពលោក។ ទាំងសារព័ត៌មាននៅអាស៊ី និងអឺរ៉ុបសុទ្ធតែបានចុះផ្សាយដូចគ្នាថា ទ្រង់បោះបង់ឱកាសចេញទៅប្រទេសកូរ៉េខាងត្បូងជាអ្នកហ្វឹកហាត់ ដើម្បីក្លាយជាតារា Kpop។
យោងតាមរបាយការណ៍របស់ YTN មានព័ត៌មានថា នាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត Kpop ម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកសមាជិកគ្រួសាររាជវង្សខ្មែរវ័យក្មេងរូបនេះ ឲ្យក្លាយជាតារាសកម្មនៅក្នុងប្រទេសកូរ៉េ។ ដោយក្រុមគ្រប់គ្រងរបស់ទ្រង់ បានជូនដំណឹងបដិសេធ ដោយបញ្ជាក់ថា ព្រះនាង ជេនណា បច្ចុប្បន្នមិនចូលរួមក្នុងការបណ្តុះបណ្តាលនៅប្រទេសកូរ៉េទេ ហើយនឹងមិនទៅប្រទេសកូរ៉េ ដើម្បីធ្វើការជាអ្នកហាត់ការ Kpop នាពេលអនាគតទេ។
ជំនួសឲ្យការជ្រើសរើសអភិវឌ្ឍន៍អាជីពនៅបរទេស ព្រះនាង នរោត្តម ជេនណា សម្រេចចិត្តស្នាក់នៅក្នុងស្រុកកំណើត ធ្វើការឲ្យមានតុល្យភាពរវាងការសិក្សា និងអភិវឌ្ឍន៍អាជីពតន្ត្រីផ្ទាល់ខ្លួនរបស់ទ្រង់ ហើយក៏កំពុងរៀបចំសម្រាប់អាល់ប៊ុមចិនដំបូងរបស់ព្រះនាង។
បច្ចុប្បន្ន ជេនណា គឺជាសមាជិកនៃរាជវង្សកម្ពុជា មានបទពិសោធន៍សិល្បៈដ៏សម្បូរបែប ក្នុងនោះរបាំបុរាណខ្មែរច្រើនទម្រង់, រាំ Kpop ចម្រៀងតន្ត្រី ការសម្តែង ការបង្ហាញម៉ូដ និងការបង្ហាញខ្លួនជាលក្ខណៈជាតិសំខាន់ៗ។
កាលពីចុងខែកក្កដា ឆ្នាំ ២០២៦ ព្រះនាងខ្មែរ ព្រះជន្ម ១៤ ព្រះវស្សា រូបនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ នៅពេលដែលព្រះនាង បានសម្ដែងនៅក្នុងពិធីបើកការប្រកួតពានរង្វាន់អាស៊ានឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ទ្រង់បានសម្តែងរួមគ្នានៅលើឆាកជាមួយអ្នកចម្រៀង សុខ សម្បត្តិ ក្នុងអំឡុងពេលកម្មវិធីមុនការប្រកួត ខណៈដែលទស្សនិកជនបានគ្រវីបដា និងផ្ទាំងរូបភាពដើម្បីគាំទ្រ។ វីដេអូនៃការសម្ដែងបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលទាក់ទាញការមើល និងការកោតសរសើររាប់លានដងចំពោះការច្រៀង និងវត្តមានលើឆាកដ៏មានទំនុកចិត្តរបស់នាង។
ម្ចាស់បទ “Way You Are” ត្រូវបានគេស្គាល់មិនត្រឹមតែជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជា ឯកអគ្គរដ្ឋទូត វប្បធម៌វ័យក្មេង ដោយរាល់ពេលបង្ហាញវត្តមានក្នុងកម្មវិធីលក្ខណៈជាតិ និងអន្តរជាតិដែលទ្រង់តំណាង ព្រះនាងតែងតែច្នៃប្រតិដ្ឋយកសម្បត្តិវប្បធម៌ខ្មែរណាមួយ ទៅបង្ហាញឲ្យបរទេសបានស្គាល់ និងឃើញផងដែរ។
មិនត្រឹមតែជាឯកអគ្គរដ្ឋទូត វប្បធម៌ប៉ុណ្ណោះទេ ព្រះនាង នរោត្តម ជេនណា ក៏ជាមនុស្សស្រលាញ់ការសិក្សា ដោយជារឿយៗទ្រង់តែងតែត្រូវបានសាកលវិទ្យាល័យ និងសាលានានាផ្ដល់កិត្តិយសជាវាគ្មិនក្នុងកម្មវិធីពិព័រណ៍សិក្សាផ្សេងៗ។
គួរបញ្ជាក់ថា ព័ត៌មានដែលទ្រង់ ជេនណា បដិសេធការទៅហ្វឹកហាត់នៅកូរ៉េខាងត្បូងដើម្បីក្លាយជាតារា Kpop ត្រូវបានសារព័ត៌មានទាំងនៅអាស៊ី មិនថាកូរ៉េ វៀតណាម និងម៉ាឡេស៊ីជាដើម។
គួរបញ្ជាក់ថា ការធ្វើជាអ្នកហ្វឹកហាត់ K-pop (K-pop Trainee) មានផលប៉ះពាល់នការសិក្សា ដោយសារតែប្រព័ន្ធហ្វឹកហាត់របស់វិស័យនេះមានភាពតឹងរ៉ឹង និងទាមទារពេលវេលាច្រើន ធ្វើឲ្យយុវជនដែលចូលរួមភាគច្រើនត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូរជីវិតសិក្សាយ៉ាងខ្លាំង។
ផលប៉ះពាល់ចម្បងៗលើការសិក្សាកង្វះពេលវេលា និងថាមពល កាលវិភាគហ្វឹកហាត់ជាទូទៅចាប់ផ្ដើមម៉ោង ៤ ឬ ៦ ល្ងាច រហូតដល់ម៉ោង ១០ យប់ ឬរំលងអាធ្រាត្រ (ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យ)។ ដែលនេះអាចធ្វើឲ្យពួកគេគ្មានពេលធ្វើកិច្ចការសាលា សម្រាកមិនគ្រប់គ្រាន់ និងមិនអាចផ្ដោតអារម្មណ៍រៀននៅសាលាបានល្អ ជាហេតុធ្វើឲ្យបោះបង់ការសិក្សា (តែនៅក្រុមហ៊ុនមានការសិក្សាភាសាបរទេសផ្សេងៗ)៕
រួបភាព៖ Jenna Norodom