រយៈពេលថ្មីៗនេះ Kim Seon Ho បានក្លាយជាប្រធានបទក្តៅគគុក តាមរយៈការវិលត្រលប់របស់លោកក្នុងរឿងភាគ “When Life Gives You Tangerines”។ ដំបូងឡើយ ការត្រលប់មកវិញរបស់លោកហាក់មានភាពចម្រូងចម្រាសខ្លះៗ ព្រោះនេះគម្រោងទូរទស្សន៍ដំបូងរបស់លោក បន្ទាប់ពីបានផ្អាកការងារអស់រយៈពេល ៤ ឆ្នាំដោយសាររឿងអាស្រូវកន្លងមក។ យ៉ាងណាក៏ដោយ ក្រោយបង្ហាញមុខត្រឹមតែ ៤ ភាគប៉ុណ្ណោះ Kim Seon Ho បានយកឈ្នះបេះដូងអ្នកទស្សនាទាំងស្រុង ហើយជាថ្មីម្ដងទៀត ឈ្មោះរបស់លោកបានក្លាយជាឈ្មោះមួយដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅបណ្ដាញសង្គមកូរ៉េ។
ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ Kim Seon Ho បានបន្តប្រកួតប្រជែងខ្លួនឯងជាមួយនឹងការសម្ដែងជាតួរាយរងនៅក្នុងរឿងភាគដូចជា “100 Days My Prince” និង “Welcome to Waikiki 2” ។ ខណៈដែលលោកមិនទាន់បានទទួលតំណែងជាតួឯកនៅឡើយ ប៉ុន្តែភាពទាក់ទាញពីធម្មជាតិ និងការសម្ដែងរបស់លោកបានកសាងកេរ្តិ៍ឈ្មោះឱ្យលោកបន្តិចម្ដងៗក្នុងវិស័យរឿងភាគទូរទស្សន៍។
បន្ទាប់មកចំណុចរបត់ដ៏សំខាន់នៃអាជីពរបស់លោកក៏បានមកដល់ គឺនៅឆ្នាំ ២០២០ Kim Seon Ho បានសម្តែងក្នុងរឿង “Start-Up” ជាមួយ Suzy និង Nam Joo Hyuk ។ លោកបានដើរតួជា Han Ji Pyeong ជាអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិ និងឆ្លាតវៃជាមួយនឹងអតីតកាលដ៏ឯកោ។ ថ្វីត្បិតតែជាតួឯកទីពីរក៏ដោយ ប៉ុន្តែភាពផ្អែមល្ហែម និងកក់ក្តៅរបស់ Han Ji Pyeong បានទាក់ទាញអ្នកទស្សនារាប់លាននាក់។ ភាពជោគជ័យនេះបានធ្វើឱ្យឈ្មោះរបស់លោកក្លាយជាប្រធានបទពេញនិយមវេទិកាផ្សេងៗដូចជា Naver និង Twitter និងធ្វើឱ្យលោកទទួលបានរហស្សនាមថា “Nation’s Good Boy” ជារហ្សសនាមដែលត្រូវបានបំផុសគំនិតពី Script ក្នុងរឿង។
តាមពីក្រោយភាពល្បីល្បាញនៃភាពយន្តភាគ “Start-Up” Kim Seon Ho ក៏បានឡើងដល់ចំណុចកំពូលដោយបានដើរតួជាតួឯកដំបូងក្នុងរឿង “Hometown Cha-Cha-Cha” ដែលលោកបានដើរតួជា Hong Du Sik ជាបុរសចិត្តល្អ និងមានទេពកោសល្យដែលជួយមនុស្សគ្រប់គ្នានៅក្នុងភូមិ Gongjin ។
រឿងអាស្រូវ និងការត្រលប់មកវិញដ៏គួរឱ្យកត់សម្គាល់
ខណៈដែលអាជីពហាក់កំពុងឈានដល់កម្រិតកំពូល Kim Seon Ho ក៏បានប្រឈមមុខនឹងរឿងអាស្រូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខែតុលា ឆ្នាំ ២០២១។ ការបង្ហោះតាមអ៊ីនធឺណិតមួយបានចោទប្រកាន់លោកថាបានធ្វើបាបអតីតមិត្តស្រី ហើយរឿងនេះបានរីករាលដាលយ៉ាងឆាប់រហ័ស បណ្តាលឱ្យលោកត្រូវបានដកចេញពីគម្រោងភាពយន្ត និងបាត់បង់កុងត្រាផ្សាយពាណិជ្ជកម្មជាច្រើន។
យ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ការពិតបានចាប់ផ្ដើមលេចឡើង។ សារព័ត៌មាន Dispatch ដែលជារឿយៗត្រូវបានគេស្គាល់សម្រាប់ការលាតត្រដាងរឿងអាស្រូវបានចាត់វិធានការដ៏កម្រក្នុងការការពារ Kim Seon Ho ។ ពួកគេបានបញ្ចេញភស្តុតាងដែលបង្ហាញថាការចោទប្រកាន់របស់ភាគីម្ខាងទៀតគឺជារឿងបំភ្លៃ ធ្វើឱ្យលោកអាចទទួលបានភាពស្អាតស្អំមកវិញបាន។ បើទោះបី Kim Seon Ho អាចការពាររស្សនាម “Good Boy” របស់ខ្លួនបាន ប៉ុន្តែពេលនោះលោកក៏បានជ្រើសរើសដើរថយក្រោយដោយដកខ្លួនពីសិល្បៈមួយរយៈ។
នៅឆ្នាំ ២០២២ លោកបានត្រលប់មកសម្តែងវិញតាមរយៈការសម្ដែងល្ខោនរឿង “Touching the Void” បន្តដោយខ្សែភាពយន្តខ្នាតធំរឿង “The Childe” ក្នុងឆ្នាំ ២០២៣។ ទោះឃ្លាតឆ្ងាយមួយរយៈ ប៉ុន្តែលោកនៅតែរក្សាបាននូវអត្តចរិតធ្វើការប្រកបដោយវិជ្ជាជីវៈ ព្យាយាមផ្ដោតតែលើការងាររបស់ខ្លួន ដោយមិនដែលស្ដីបន្ទោសអូសដំណើរដល់អ្នកណាឡើយសម្រាប់បញ្ហាកន្លងមក។ អាកប្បកិរិយានេះបានធ្វើឱ្យអ្នកគាំទ្រគោរព និងកោតសរសើរលោកកាន់តែខ្លាំង។
“When Life Gives You Tangerines” ការត្រលប់មកវិញនូវជ័យជម្នះបន្ទាប់ពីព្យុះភ្លៀង
បន្ទាប់ពីមានភាពចម្រូងចម្រាសដែលស្ទើរតែបញ្ចប់អាជីពទៅហើយ Kim Seon Ho មិនត្រឹមតែអាចរួចខ្លួនពីកំហុសប៉ុណ្ណោះទេ ប៉ុន្តែលោកបានត្រលប់មកវិញកាន់តែខ្លាំងឡើងវិញ។
“When Life Gives You Tangerines” មិនត្រឹមតែជាស្នាដៃថ្មី ប៉ុន្តែគឺជាសក្ខីភាពនៃការវិលត្រលប់ដ៏ជោគជ័យរបស់ Kim Seon Ho មកកាន់វិស័យរឿងភាគ។ សន្ទុះគាំទ្រសម្រាប់ការវិលត្រឡប់មកវិញរបស់លោកគឺពិតជាខ្លាំងក្លា គួរឱ្យជឿជាក់ ហើយសំខាន់ជាងនេះទៅទៀតគឺមិនអាចបញ្ឈប់បានឡើយ ៕