វគ្គសំណួរចម្លើយ Top 5 បានក្លាយជារឿងក្ដៅគគុក ដោយមហាជនមើលឃើញថា Anna Nicoley Doroshenko ធ្វើបានល្អ មានភាពជឿជាក់ និងប្រើពេលវេលាបានយ៉ាងសមរម្យ។ ដូចនេះប្រិយមិត្តអាចមកស្ដាប់ពីសំណួរ និងចម្លើយរវាងអ្នកទាំង ៥ ដូចខាងក្រោម៖
សំណួរសួរថា៖ បច្ចុប្បន្នការវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត AI បានចូលមកជំនួសតួនាទីមួយចំនួនរបស់មនុស្សក្នុងសង្គម តើប្អូនគិតថាអ្វីដែល AI មិនអាចជំនួសមនុស្សបាន?
ពេជ្រសារ MUC06៖ ខ្ញុំមើលឃើញថា AI អាចជំនួសការងារមួយចំនួនរបស់មនុស្សបាន ប៉ុន្តែ AI មិនអាចជំនួសក្ដីស្រលាញ់ និងមនុស្សធម៌របស់មនុស្សបានទេ។ មនុស្សមានសេចក្ដីស្រលាញ់ អារម្មណ៍ សមត្ថភាព។ ដូច្នេះខ្ញុំមិនមើល AI ជាគូប្រជែងខ្ញុំទេ វាគ្រាន់ជាឧបករណ៍មួយជំនួស អាចបង្កើតអនាគតដ៏ស្រស់បំព្រង។
Anna MUC10 ៖ AI មិនអាចជំនួសមនុស្សបាននូវសីលធម៌ មនសិការ និងសមត្ថភាពនៃមនុស្សដែលដឹងថា រឿងណាត្រឹមត្រូវ រឿងណាមិនត្រឹមត្រូវបានឡើយ។ AI អាចចម្លងអាកប្បកិរិយាមនុស្សបាន AI អាចដឹងពីព័ត៌មានមនុស្សបាន តែមនុស្សមានតម្លៃ និងគោលការណ៍ក្នុងជីវិត, មនុស្សមានអារម្មណ៍ ហេតុដូច្នេះហើយយើងគួរបង្កើតច្បាប់ បទបញ្ញត្តិបន្ថែមទៀត ដើម្បីប្រើប្រាស់បច្ចេកទេស AI ដោយការទទួលខុសត្រូវ។ ព្រោះនៅទីបញ្ចប់មនុស្សគឺជាអ្នកមានអំណាចគ្រប់គ្រង និងការសម្រេចចិត្តក្នុងរបៀបប្រើប្រាស់ AI ។
រស្មីពេជ្រដួងច័ន្ទ MUC12៖ នាងខ្ញុំគិតថា AI អាចជំនួសការងារមួយចំនួនរបស់មនុស្ស ប៉ុន្តែAI មិនអាចជំនួសបេះដូង មនោសញ្ចេតនា និងភាពជាមនុស្សបាននោះទេ។ មនុស្សមានក្ដីស្រលាញ់ មានការអាណិត និងចេះយល់ពីការឈឺចាប់អ្នកដទៃ និងមានក្រមសីលធម៌ក្នុងការសម្រេចចិត្ត។ ដូច្នេះនាងខ្ញុំយល់ឃើញថា AI មិនមែនជាដៃគូប្រកួតរបស់មនុស្សនោះទេ ប៉ុន្តែ AI អាចជាឧបករណ៍ជួយឲ្យមនុស្សមានសមត្ថភាពជាងមុន។ បច្ចេកវិទ្យាអាចជួយឲ្យមនុស្សមានភាពឈ្លាសវៃបាន ប៉ុន្តែបេះដូងជាអ្វីដែលមនុស្សយើងនៅតែមាន។
រតនា MUC14៖ អ្វីដែល AI មិនអាចជំនួសមនុស្សបាននោះគឺ សេចក្ដីស្រលាញ់ មនោសញ្ចេតនា ក៏ដូចជាមនុស្សធម៌ផងដែរ។ អ្វីដែល AI ជំនួសមនុស្សបាន នាងខ្ញុំយល់ឃើញថា AI ពិតជាអាចសម្រួលការងារមនុស្សបានពិតមែន ប៉ុន្តែ AI នៅតែមិនអាចជំនួសមនុស្សបាននោះទេ។ ដូច្នេះហើយ តើអ្នកទាំងអស់គ្នាដឹងទេ ការប្រើប្រាស់ AI នៅក្នុងថ្ងៃនេះ គឺអាចធ្វើឲ្យខាតបាត់បង់ទៅលើទឹកស្អាត ១០% ទៅនឹង ២០% នៃប្រទេស។ ដូច្នេះហើយនាងខ្ញុំនៅឈរនៅទីនេះ ក៏ដូចជាប្រើថាមពល ក៏ដូចជាប្រាជ្ញា ពីធម្មជាតិរបស់រូបនាងខ្ញុំដែលឈរនៅលើឆាកមួយនេះផ្ទាល់។
ស្រីនី MUC13៖ អ្វីដែលAI មិនអាចជំនួសមនុស្សបាននោះគឺ បេះដូង និងភាពជាមនុស្ស។ AI អាចផ្ដល់ចំណេះដឹង និងជួយការងារបានច្រើន។ ប៉ុន្តែអារម្មណ៍ក្ដីស្រលាញ់ ការយល់ចិត្ត និងបទពិសោធន៍ជីវិត គឺ AI មិនអាចជំនួសមនុស្សបានឡើយ ដូចជាក់ស្ដែង នាងខ្ញុំកំពុងឈរនៅលើឆាក Miss Universe Cambodia 2026 ឆ្លើយនូវសំណួរមួយនេះ AI មិនអាចមកជំនួសនាងខ្ញុំបានឡើយ។ ដូច្នេះនាងខ្ញុំជឿថា បច្ចេកវិទ្យា AI អាចជួយបង្កើនសមត្ថភាពមនុស្សបាន វាមិនអាចមកជំនួសភាពជាមនុស្សរបស់យើងបានឡើយ៕