បវរកញ្ញាកម្ពុជា សាំង មាលាយ៉ាន នីតា បានបង្ហោះសារហួសចិត្តបន្ទាប់ពីឈុតតំណាងជាតិ នាងរំសាយសក់ ដែលអ្នកនាងបានបង្ហាញនៅក្នុងកម្មវិធីប្រកួត Miss Asia Pacific International នៅឯប្រទេសហ្វីលីពីនត្រូវបានមនុស្សមួយចំនួនលើកយកមកលេងសើចក្នុងន័យចំអកឡកឡឺយមិនឱ្យតម្លៃ។
សំណេររបស់បវរកញ្ញាកម្ពុជារូបនេះត្រូវបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងនាមជាបេក្ខភាព Miss Asia Pacific International ដំបូងឡើយខ្ញុំសម្រេចចិត្តនៅស្ងៀមមិននិយាយអ្វីទាំងអស់។ តែភាពស្ងប់ស្ងាត់មិនមែនជាភាពខ្លាំងនោះទេ។ ក្នុងនាមជាបវរកញ្ញាខ្ញុំជឿជាក់់ថាសំឡេងរបស់ខ្ញុំត្រូវបានប្រើក្នុងការលើកទឹកចិត្ត ជំរុញនិងការពារ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះខ្ញុំបានរងការគំរាមកំហែងតាមអនឡាញយ៉ាងច្រើនលើសលុបដោយពួកគេបានធ្វើការវាយប្រហារលើឈុតតំណាងជាតិ នាងរំសាយសក់ ដោយបានកាត់រូបភាពបញ្ចូលគ្នាក្នុងន័យប្រមាថមើលងាយនិងលេងសើចយ៉ាងចាស់ដៃនៅលើបណ្ដាញសង្គមជាមួយសម្ដីចោទប្រកាន់ថាជារបស់ដែលលួចពីជាតិសាសន៍អ្នកដ៏ទៃ។ ខ្ញុំបានជ្រើសយកឈុតនាងរំសាយសក់តំណាងឱ្យខេត្តបាត់ដំបងដើម្បីយកទៅប្រកួត។ ក្នុងនាមជាអតីតអ្នករបាំម្នាក់ខ្ញុំបានបញ្ចូលប្រពៃណីបុរាណទៅក្នុងតន្ត្រីសម័យទំនើបដើម្បីបង្ហាញនូវភាពអស្ចារ្យនិងការកែច្នៃដែលអាចលាយបញ្ចូលគ្នា។ ខ្ញុំបានគិតរួចទៅហើយអំពីការប្រៀបធៀបរវាងកម្ពុជានិងថៃនូវឫសគល់នៃវប្បធម៌ តែខ្ញុំពិតជាមិនបានគិតឡើយថាវាក្លាយជាការលេងសើចក្នុងន័យប្រមាថមើលងាយដោយចោទថាជាការលួចរបស់អ្នកដ៏ទៃបែបនេះទៅវិញ“។