ស្របពេលរដូវផ្ការីកចូលមកដល់ខែមីនានេះ សិល្បករ K-pop ជាច្រើនក៏បានត្រៀមខ្លួនរួច ស្រេចដើម្បីនាំយកភាពរីករាយស្រស់ស្រាយជូនអ្នកគាំទ្រតាមរយៈបទចម្រៀងថ្មីៗរបស់ពួកគេ។ រាប់ចាប់ពីក្រុមល្បីៗដូចជា Le Sserafim, The Boyz និង NMIXX រហូតដល់សិល្បករទោលដូចជា J-Hope និង Jennie ពេញមួយខែនេះពិភពខេប៉ុបនឹងពោរពេញដោយការប្រកួតប្រជែងក្ដៅគគុកលើតារាងចម្រៀងផ្សេងៗ។
TREASURE
បញ្ជីឈ្មោះសិល្បករត្រៀមធ្វើការវិលត្រលប់ដែលគួរឱ្យចាប់អារម្មណ៍ចាប់ផ្ដើមពីក្រុមចម្រៀងប្រុសសមាជិក ១០ នាក់របស់ YG Entertainment គឺ TREASURE ជាមួយនឹងការចេញផ្សាយអាល់ប៊ុមថ្មីរបស់ពួកគេនៅថ្ងៃទី ៧ ខែមីនា។ មីនីអាល់ប៊ុមពិសេសដែលនឹងចេញនាពេលខាងមុខរបស់របស់ពួកគេមានចំណងជើងថា “PLEASURE” ដែលរួមមានបទថ្មីចំនួនបី រួមមានបទចម្រៀងនាំមុខ “YELLOW” រួមជាមួយបទ “SARURU” និងបទ “WHATEVER, WHENEVER” ក៏ដូចជាបទ “LAST NIGHT” ដែលបានចេញផ្សាយកន្លងមករួចហើយកាលពីខែធ្នូ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។
បន្ទាប់ពីនេះ នៅថ្ងៃទី ១០ ខែមីនា Hoshi និង Woozi មកពីក្រុម SEVENTEEN នឹងបង្ហាញអាល់ប៊ុមរួមគ្នារបស់ពួកគេមានចំណងជើងថា “BEAM” ។ សមាជិកទាំងពីរដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងបទ “Bring It” របស់ SEVENTEEN កាលពីឆ្នាំ ២០១៧ បានចាប់ដៃគ្នាជាថ្មីម្តងទៀត ដោយរួមចំណែកក្នុងការនិពន្ធបទចម្រៀងទាំងបីក្នុងអាល់ប៊ុមថ្មីនេះ។
Le Sserafim និង SEVENTEEN’s unit Hoshi X Woozi
ត្រឹមប៉ុន្មានថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី ១៤ ខែមីនា ក្រុមចម្រៀងស្រីសំណព្វចិត្តរបស់ HYBE Labels គឺ Le Sserafim នឹងចេញអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា “HOT”។ ការចេញផ្សាយថ្មីនេះនឹងជាជំពូកចុងក្រោយក្នុងគម្រោងបីជំពូករបស់ពួកគេដែលបានចាប់ផ្តើមជាមួយនឹងអាល់ប៊ុមខ្នាតតូចកាលពីឆ្នាំមុន “EASY” នៅក្នុងខែកុម្ភៈ និងអាល់ប៊ុម “CRAZY” នៅក្នុងខែសីហាឆ្នាំមុន។ សមាជិកក្រុមតន្រ្តីអង់គ្លេស Jungle គឺ Lydia Kitto និង Josh Lloyd-Watson បានចូលរួមចំណែកក្នុងការផលិតអាល់ប៊ុមនេះ ដើម្បីនាំមកនូវភាពទាក់ទាញជាអន្តរជាតិចំពោះបទចម្រៀង។
NMIXX
នៅថ្ងៃទី ១៧ ខែមីនា ក្រុមចម្រៀងស្រីសមាជិកប្រាំមួយនាក់ដ៏មានប្រជាប្រិយភាពរបស់ JYP Entertainment គឺ NMIXX នឹងត្រលប់មកវិញដែរជាមួយនឹងមីនីអាល់ប៊ុមទីបួនមានចំណងជើងថា “Fe3O4: FORWARD” ជាមួយបទចម្រៀងនាំមុខ “KNOW ABOUT ME” ដែលមានគោលបំណងពង្រីកកេរ្តិ៍ឈ្មោះរបស់ពួកគេឱ្យលើសពី K-pop ។
ទន្ទឹមនឹងនោះ ក្រុមចម្រៀងប្រុស The Boyz ដែលមានសមាជិក ១១ នាក់ក៏នឹងត្រលប់មកឆាកតន្ត្រីវិញជាក្រុមពេញលេញនៅថ្ងៃតែមួយនេះដែរជាមួយនឹងអាល់ប៊ុមមានចំណងជើងថា “Unexpected”។ អាល់ប៊ុមនេះនឹងមានបទចម្រៀងសរុប ១០ បទ ដោយមានបទ “VVV” ជាបទនាំមុខ។
ក្រុមចម្រៀងប្រុស The Boyz និងក្រុមចម្រៀងនារីថ្មី KiiiKiii
ក្រុមចម្រៀងនារី STAYC នឹងធ្វើការវិលត្រលប់មកវិញដូចគ្នានៅថ្ងៃបន្ទាប់គឺថ្ងៃទី ១៨ ខែមីនា ដោយនឹងចេញអាល់ប៊ុម “S” និងបទចម្រៀងនាំមុខដំបូងគឺ “BEBE”។ ទន្ទឹមនេះ ពួកគេក៏នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ “STAY TUNED” របស់ខ្លួនផងដែរ ជាមួយនឹងសម្ដែងដែលគ្រោងធ្វើនៅថ្ងៃទី ១២ និង ១៣ ខែមេសា នៅសាលអូឡាំពិកទីក្រុងសេអ៊ូល។
ការ Comeback ដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានការត្រលប់មកវិញរបស់ក្រុម SF9 នៅថ្ងៃទី ១១ ខែមីនា ខណៈដែលក្រុមចម្រៀងស្រីថ្មីរបស់ Starship Entertainment គឺ KiiiKiii គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា។
ផ្នែកតារាចម្រៀងទោល៖
ក្រៅពីការវិលត្រលប់មកវិញជាក្រុម សិល្បករទោល K-pop ជាច្រើនក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកចំណាប់អារម្មណ៍ជាមួយនឹងបទថ្មីរបស់ពួកគេក្នុងខែមីនានេះដែរ។ ក្នុងនោះ ឈ្មោះដែលគួរឱ្យកត់សម្គាល់រួមមាន J-Hope ក្រុម BTS និង Jennie ក្រុម BLACKPINK ដែល នឹងធ្វើការត្រលប់មកឆាកតន្ត្រីវិញនៅថ្ងៃទី ៧ ខែមីនា ទាំងពីរនាក់។
J-Hope ក្រុម BTS និង Jennie ក្រុម BLACKPINK
J-Hope នឹងទម្លាក់បទ “Sweet Dreams” ជាបទចម្រៀងបែប R&B ដ៏ល្បីដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ស្មោះអស់ពីចិត្តរបស់លោកក្នុងសេចក្ដីស្នេហា។ យោងតាម BigHit Music ដែលជាទីភ្នាក់ងាររបស់ J-Hope បទនេះក៏នឹងមានការចូលរួមពីសំណាក់តារាចម្រៀងអាមេរិក Miguel ផងដែរ។
បទចម្រៀងថ្មីនេះត្រូវបានសម្ដែងជាលើកដំបូងក្នុងការប្រគំតន្ត្រី “HOPE ON THE STAGE” របស់ J-Hope ក្នុងទីក្រុងសេអ៊ូល ដែលធ្វើឡើងពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ ជាបន្តបន្ទាប់ទៀត លោកនឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកដោយសម្តែង ៣១ ឆាកនៅ ១៥ ទីក្រុងរួមទាំង Brooklyn, Chicago និង Mexico City ។
នៅថ្ងៃដដែល Jennie សមាជិកក្រុម BLACKPINK នឹងចេញអាល់ប៊ុមទោលពេញលេញដំបូងរបស់នាងមានចំណងជើងថា “Ruby” ដោយរួមមានបទចម្រៀង ១៥ បទ រួមទាំងបទ “Mantra” ដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុន បទ “Love Hangover” និងបទ “Zen” ដែលចេញក្នុងខែមករា និងបទ “ExtraL” ដែលចេញនៅក្នុងខែកុម្ភៈ។
អាល់ប៊ុមនេះបានបង្កើតនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមានព័ត៌មានរាយការណ៍ពីការសហការរបស់ Jennie ជាមួយសិល្បករពិភពលោកជាច្រើនដូចជា Dominic Fike, Doechii, Childish Gambino, Dua Lipa, FKJ និង Kali Uchis ។
ដើម្បីអបអរការចេញអាល់ប៊ុមរបស់នាង Jennie នឹងរៀបចំការប្រគំតន្ត្រីពិសេសមួយមានឈ្មោះថា “The Ruby Experience” ដែលចាប់ផ្តើមនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា នៅរោងមហោស្រព Peacock ក្នុងទីក្រុង Los Angeles បន្ទាប់មកនៅ Radio City Music Hall នៃទីក្រុង New York នៅថ្ងៃទី ១០ ខែមីនា និងនៅ Inspire Arena ទីក្រុង Incheon នៅថ្ងៃទី ១៥ ខែមីនា។
Xiumin ពីក្រុម EXO, Yeji ពីក្រុម ITZY និង Seulgi ពីក្រុម Red Velvet
នៅថ្ងៃទី ១០ ខែមីនា នឹងមានការ Comeback ទោលមួយទៀតពី Xiumin សមាជិកក្រុម EXO ដែលនឹងបង្ហាញខ្លួនជាសិល្បករទោលដំបូងជាមួយនឹងអាល់ប៊ុមមានចំណងជើងថា “Interview X” និងបទ “WHEE!”។ Yeji អ្នកដឹកនាំក្រុម ITZY ក៏នឹងឈានជើងចូលក្នុងវិស័យចម្រៀងទោលដែរជាមួយនឹងបទចម្រៀងទោល “AIR”។
ទន្ទឹមនឹងនេះ Seulgi សមាជិកក្រុម Red Velvet នឹងបង្ហាញអាល់ប៊ុមទោលទោលទីពីររបស់នាងមានចំណងជើងថា “Accidentally On Purpose” នៅថ្ងៃតែមួយជាមួយនឹងបទចម្រៀង មានចំណងជើងថា “Baby, Not Baby” ។ អាល់ប៊ុមនេះនឹងជាការ Comeback ទោលលើកដំបូងរបស់នាង រយៈពេល ៣ ឆ្នាំបន្ទាប់ពីការចេញបទចម្រៀងទោលដំបូងរបស់នាង “28 Reasons” ៕