នៅថ្ងៃទី ២២ ខែកុម្ភៈ សារព័ត៌មាន Osen បានរាយការណ៍ថា HYBE បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SM Entertainment ជាផ្លូវការ។ Park Ji Won នាយកប្រតិបត្តិ HYBE បានថ្លែងថា៖ “HYBE បានបញ្ចប់ការទិញភាគហ៊ុន 14.8% ដែលកាន់កាប់ដោយស្ថាបនិក SM Entertainment និងជាអតីត CEO លោក Lee Soo Man ចាប់ពីថ្ងៃនេះ ដូច្នេះ HYBE ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SM Entertainment”។ ការសម្រេចនេះកំពុងផ្លាស់ប្តូរទិដ្ឋភាពនៃផលិតកម្ម SM Entertainment និងឧស្សាហកម្ម K-pop ទាំងស្រុង។
HYBE បានចាប់ផ្តើមពីក្រុមហ៊ុនតូចមួយដែលមានឈ្មោះថា Big Hit Music បង្កើតឡើងដោយ Bang Shi Hyuk ក្នុងឆ្នាំ ២០០៥ និងមានសិល្បករតិចតួចប៉ុណ្ណោះដូចជា 2AM, GLAM និង BTS ។
អំឡុងចុងទស្សវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ Big Hit Entertainment គ្រាន់តែជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះ។ BTS ពេលដើរលើកម្រាលព្រំក្រហមម្ដងៗ គឺមិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍នោះទេ។ ការជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេក៏មានអ្នកទស្សនាបួនដប់នាក់ ខណៈពេលនោះ ផលិតកម្ម SM, JYP និង YG ត្រូវបានចាត់ទុកថាជាអាណាចក្រ និងសសរស្តម្ភរបស់ Kpop។ កាលនោះ ប្រហែលជាគ្មានអ្នកណារំពឹងថា Big Hit នឹងរីកចម្រើនរហូតអាចលេបយក SM Entertainment នោះទេ។
កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលព័ត៌មាន HYBE កំពុងស្វែងរកទិញភាគហ៊ុនរបស់ SM Entertainment បានផ្ទុះឡើង ទស្សនិកជនជាច្រើនមិនជឿថា Bang Shi Hyuk អាចធ្វើបាននោះទេ។ ទោះយ៉ាងណា ការពិតបានបង្ហាញឱ្យឃើញថា គ្មានអ្វីដែលមិនអាចទៅរួចទេជាមួយ “ក្រុមហ៊ុនយក្សថ្មីរបស់ Kpop” មួយនេះ។
បន្ទាប់ពីបានឃើញការរីកចម្រើនយ៉ាងត្រចះត្រចង់ជាមួយភាពជោគជ័យរបស់ BTS ក្នុងឆ្នាំ ២០១៧ HYBE ដែលកាលនោះត្រូវបានគេស្គាល់ថាជា Big Hit Music ក៏បានទិញយកក្រុមហ៊ុនធំៗមួយចំនួននៅក្នុងឧស្សាហកម្មតន្ត្រីនៅក្នុងប្រទេសកូរ៉េ និងអាមេរិក។
SM Entertainment ក៏បានបញ្ចេញកម្មវិធីស្រដៀងគ្នាមួយដែលមានឈ្មោះថា Dear U bubble ក្នុងឆ្នាំ ២០២០។ កម្មវិធីនេះធ្លាប់ត្រូវបានគេចាត់ទុកថាជាគូប្រជែងរបស់ Weverse ។ ប្រសិនបើ Dear U bubble ត្រូវបញ្ចូលគ្នាជាមួយ Weverse នោះក្រុមហ៊ុនតូចៗផ្សេងទៀតនឹងគ្មានជម្រើសក្រៅពីចូលរួមជាមួយ Weverse ឡើយ។
លើសពីនេះ សិល្បកររបស់ HYBE មិនបានបង្ហាញខ្លួននៅលើប៉ុស្តិ៍ MBC ទេ សូម្បីតែកម្មវិធីតន្ត្រីឆ្លងឆ្នាំ MBC Gayo Daejin ចាប់តាំងពីឆ្នាំ ២០២០។ ប្រភពផ្ទៃក្នុងបាននិយាយថា ភាគីទាំងពីរមានជម្លោះតាំងពីឆ្នាំ ២០១៨ ដោយនៅពេលនោះ MBC បានអញ្ជើញ BTS មកសម្តែង ប៉ុន្តែ បានផ្តល់រង្វាន់សំខាន់មួយដល់គូប្រជែងរបស់ពួកគេគឺ EXO ។
ប្រសិនបើ HYBE កាន់កាប់ SM Entertainment សំណួរគឺថាតើសិល្បករ SM នឹងអាចសម្តែងនៅលើ MBC ដែរឬទេ?
ឆ្លើយតបទៅនឹងកង្វល់របស់អ្នកគាំទ្រ ក្នុងជំនួបជាមួយបុគ្គលិកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នាយកប្រតិបត្តិ HYBE លោក Park Ji Won បានសង្កត់ធ្ងន់ថាខ្លួននឹង “គោរពស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់ SM” និង “ធានានូវឯករាជ្យភាពរបស់ក្រុមហ៊ុន” ។
ទោះយ៉ាងណា នាយកផ្នែកហិរញ្ញវត្ថុរបស់ផលិតកម្ម SM Entertainment លោក Jang Cheol Hyuk បាននិយាយថា នេះគឺជា “ការសន្យាដែលពិបាករក្សាបំផុត” ។