IU និង Park Bo Gum បានចែករំលែកពីអារម្មណ៍នៃការរួមការងារជុំគ្នា និងការត្រៀមខ្លួនសម្ដែងក្នុងរឿង When Life Gives You Tangerines ដោយ Park Bo Gum មិនភ្លេចរំឭកពីការជួបគ្នាដំបូងតាំងតែពីឆ្នាំ២០១២។
បន្ទាប់ពីបានរួមស្នាដៃសម្ដែងក្នុងរឿងភាគជុំគ្នាជាលើកដំបូង តារាសម្ដែងរបស់កូរ៉េខាងត្បូងចំនួន ២រូប គឺ IU និង Part Bo Gum កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមទស្សនិកជន។ ជាពិសេស ទៅលើឈុតឆាកផ្អែមល្អែម និងកម្សត់ដែលអ្នកទាំងពីរអាចសម្ដែងជាមួយគ្នាបានយ៉ាងស៊ីសង្វាក់។
ស្របពេលដែលរឿងថ្មីរបស់ Netflix មួយនេះកំពុងតែផ្ទុះការគាំទ្រខ្លាំង តួឯកទាំង ២រូប ក៏បានផ្ដល់កិច្ចសម្ភាសជាមួយទស្សនាវដ្ដី Teen Vogue ទាក់ទងនឹងអារម្មណ៍ចំពោះដៃគូសម្ដែងរៀងៗខ្លួន ក៏ដូចជាការត្រៀមខ្លួនសម្រាប់ភាពយន្តដែលមានលាយឡំនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយចំណងជើងនេះផង។
ចាប់ផ្ដើមដោយ IU នាងបានលើកសរសើរដល់រូបសម្រស់របស់ដៃគូ ទន្ទឹមគ្នានឹងចម្ងល់ដែល Part Bo Gum ព្រមសម្ដែងជា Gwan-sik ដែលជាតួអង្គមានជីវភាពខ្វះខាត និងត្រូវធ្វើការលំបាកជាច្រើននៅក្នុងដំណើររឿង។ ជាក់ស្ដែង តារាស្រីវ័យ ៣១ឆ្នាំរូបនេះបាននិយាយថា៖ “តាមអ្វីដែលខ្ញុំចាំបាន នៅពេលដែលឮថា Bo-gum នឹងមកសម្ដែងជាតួអង្គ Gwan-sik ខ្ញុំបានធ្លោយមាត់ថា គាត់សង្ហាណាស់ តើវាមិនអីទេមែនទេដែលឱ្យគាត់មកសម្ដែងជាតួអង្គ Gwan-sik? គាត់សង្ហាណាស់ ខ្ញុំប្រាកដចិត្តណាស់ថា អ្នកដែលនៅលើកោះ ប្រាកដជាលួចស្រឡាញ់គាត់ជាក់ជាមិនខាន”។
បន្តពីតួឯកស្រីរូបនេះ Bo-gum បានរៀបរាប់ថា IU គឺជាតារាស្រីម្នាក់ដែលខ្លួនចង់រួមការងារសម្ដែងជាមួយយូរណាស់មកហើយ ដោយលោកបានបន្តរំឭកពីអតីតកាលថា៖ “នៅពេលដែលពួកយើងនៅវ័យជំទង់ យើងបានជួបគ្នាដំបូងនៅក្នុងការងារផ្សាយពាណិជ្ជកម្មមួយ។ ក្រោយមកនៅខ្ទង់អាយុ ២០ឆ្នាំ ខ្ញុំធ្លាប់លេចមុខជាតារាកិត្តិយសនៅក្នុងរឿងភាគ The Producers ដែលគាត់សម្ដែង ហើយយើងបានជួបគ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ”។