ពេលវេលានៃឆ្នាំ ២០២២ នៅសេសសល់ស្ដួចស្ដើងមែនទែន។ ត្រឹមមួយប្របិចភ្នែកសោះ សករាជថ្មី ឆ្នាំថ្មី ទំព័រថ្មី ព្រមជាមួយនឹងវ័យថ្មីគឺការកើនអាយុមួយឆ្នាំទៀតនឹងចូលមកជំនួសឆ្នាំចាស់ ២០២២។ ដោយឡែកក្នុងរយៈពេលមួយឆ្នាំនៃពេលវេលាដ៏លឿនស្លេវ ក្នុងនោះព្រឹត្តិការណ៍ធំៗ និងសំខាន់ជាច្រើនសន្ធឹកសន្ធាប់បានកើតឡើងបន្តកន្ទុយគ្នាទាំងនៅកម្ពុជា និងពិភពលោក ក្នុងឆ្នាំ ២០២២។ យ៉ាងណាខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបានកើតឡើងទាំងនៅកម្ពុជា និងពិភពលោក។
ព្រឹត្តិការណ៍ជាតិសំខាន់ធំៗ ឆ្នាំ២០២២៖
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
តាមរយៈការក្លាយជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២២ កម្ពុជាបានកែប្រែដុំថ្មក្ដៅ ទៅជាដុំមាស ដោយបានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានប្ដូរវេន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ជាមួយជោគជ័យយ៉ាងត្រចះត្រចង់ ការវាយតម្លៃខ្ពស់ពីស្ថាប័នអន្តជាតិ និងប្រទេសជាដៃគូ ជុំវិញការដោះស្រាយបញ្ហាតំបន់ និងអន្តជាតិ។ លើសពីនេះក្នុងនាមជាប្រធានប្ដូរវេន រដ្ឋាភិបាលកម្ពុជាបានទាញយកប្រយោជន៍ជាច្រើនមកជូនជាតិមាតុភូមិតាមរយៈកិច្ចព្រមព្រាងផ្សេងៗ និងបានបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំតំបន់មួយនេះ។
«គុនល្បុក្កតោ» ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ជាជោគជ័យ និងជាមោទកភាពជាតិថ្មីមួយសម្រាប់វប្បធម៌ខ្មែរដែល «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រោយកិច្ចខិតខំប្រឹងប្រែង ស្នើសុំដាក់បញ្ចូល«គុនល្បុក្កតោ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំទីបំផុត ការសម្រេចចុះបញ្ជីក្បាច់«គុនល្បុក្កតោ»ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍វប្បធម៌ដ៏ធំប្រចាំឆ្នាំ «រំលឹកគុណអង្គរ »
ព្រឹត្តិការណ៍«រំលឹកគុណអង្គរ» បានប្រព្រឹត្តិទៅយ៉ាងឱឡារិក អធិកអធម្ម មានទាំងកម្មវិធីបែបប្រពៃណីសាសនា កម្មវិធីពិព័រណ៍សមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈជាច្រើនទម្រង់។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅខេត្តសៀមរាបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ លើសពីនេះព្រឹត្តិការណ៍មួយនេះបានផផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាមរយៈការទាក់ទាញទេសចរទៅទស្សនាខេត្តសៀមរាប និងបានរួមចំណែកលើកតម្កើងវប្បធម៌ដ៏ផូរផង់របស់ខ្មែរផងដែរ។
ការរកឃើញផូស៊ីលដាយណូស័រ នៅខេត្តកោះកុង
ការរកឃើញផូស៊ីលដាយណូស័រជាព្រឹត្តិការណ៍សំខាន់មួយដែលគេពុំអាចរំលងបានក្នុងឆ្នាំ ២០២២ ដោយសារវាជាផូស៊ីលដំបូងនៅកម្ពុជា។ សូមជម្រាបថា ផូស៊ីលឆ្អឹងសត្វដាយណូស័រ ត្រូវបានរកឃើញដោយអ្នកជំនាញក្រសួងបរិស្ថាន នៅកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថាឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី។
អង្ករកម្ពុជាឈ្នះជយលាភីជា « អង្ករល្អដាច់គេ » របស់ពិភពលោក ប្រចាំឆ្នាំ២០២២
ក្រោយខកខានឈ្នះជ័យលាភីជា អស់រយៈពេល ៤ឆ្នាំ សម្រាប់ឆ្នាំ២០២២ អង្ករកម្ពុជាពូជ “ផ្ការំដួល” ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេត្រលប់មកវិញក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ការឈ្នះនេះពិតជាមានសារសំខាន់សម្រាប់កម្ពុជា ក្នុងការជួយជំរុញឲ្យវិស័យស្រូវ-អង្ករ កម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសនឹងកាន់តែជំរុញការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ។
ការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្ពោធ និងដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០២២ នេះ។ សមិទ្ធផលដ៏ថ្មីស្រឡាង ដែលពុំធ្លាប់មានមួយនេះមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿន ភ្នំពេញ– ព្រះសីហនុ នឹងជាផ្នែកមួយជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រយៈពេលវែងទៅកាន់ក្រុងព្រះសីហនុ ក៏ដូចជាសរសៃឈាមសម្រាប់ប្រទេសជាតិ។
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ឆ្នាំ២០២២
បើទោះជាលើកទី៣ តែកីឡាជាតិលើកទី និងកីឡាជនពិការលើកទី១ ឆ្នាំ២០២២ នេះមានសភាពធំគគ្រឹកគគ្រេងជាងលើកមុនៗ ដោយហេតុថាជាការត្រៀមខ្លួនសម្រាប់ SEA Game ឆ្នាំ២០២៣ ផង និងដោយសារខកខានប្រារព្ធដោយសារការរីករាតត្បាតនៃជំងឺកូវីត១៩។ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ មានប្រភេទកីឡាចំនួន ៣៨ និងមានអត្តពលិក ចូលរួមប្រមាណជិត ៣ពាន់នាក់ មកពីគ្រប់រាជធានីខេត្ត បូករួម ជាមួយក្រសួងចំនួន ៣ទៀត។ ដោយឡែកក្រុមដែលទទួលបានមេដាយច្រើនជាងគេគឺក្រុមកីឡារបស់ក្រសួងមហាផ្ទៃ ចំណែកឯខេត្តទទួលបានមេដាយច្រើនជាងគេគឺខេត្តកណ្ដាល។
ព្រឹត្តិការណ៍បុណ្យសមុទ្រ
មិនខុសពីព្រឹត្តិការណ៍កីឡាជាតិនោះទេ ពិធីបុណ្យសមុទ្របានខកខានប្រារព្ធអស់ជាច្រើនឆ្នាំដោយសារកូវីត១៩ ហើយទើបនឹងទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលរៀបចំឡើងវិញក្នុងឆ្នាំ ២០២២នេះនៅក្រុងព្រះសីហនុរយៈពេល ៣ថ្ងៃ អបជាមួយសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត ២ថ្ងៃបន្ថែមទៀត។
បុណ្យសមុទ្រឆ្នាំ ២០២២ មានស្តង់ពិព័រណ៍ចំនួន ៣៥០ស្តង់ ទីតាំងប្រគំតន្ត្រី៥ទីតាំងព័ទ្ធជុំវិញក្រុង ព្រមទាំងសកម្មភាពកីឡាច្រើនសន្ធឹកសន្ធាប់។
ការប៉ះទង្គិចគ្នារវាងតារាចម្រៀងរ៉េបកម្ពុជា លោក វ៉ាន់ដា និង លោក G-Devit
ការប៉ះទង្គិចគ្នារវាងកំពូលតារាចម្រៀងរ៉េប ទាំង ២រូបនេះជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងរង្វង់សិល្បៈនៅកម្ពុជា ដែលបានធ្វើឲ្យអ្នកគាំទ្រពួកគេទាំង ២រូបពុះកញ្ជ្រោល ជជែកវែកញែក និងបញ្ចេញទស្សនៈផ្ទាល់ខ្លួនតាមរយៈបង្កើត និងចែករំលែកមាតិកាជាច្រើនក្នុងរយៈពេលយូរគួរសមនៅលើបណ្ដាញសង្គម។ ដោយឡែកការឆ្លើយឆ្លងគ្នាតាមរយៈបទចម្រៀងរបស់ពួកគេក៏ពុំបានបង្កផលប៉ះពាល់អ្វីធំដុំទៅដល់វិស័យសិល្បៈ ផ្ទុយទៅវិញវាបានស្រូបទាញឲ្យមានមនុស្សស្រលាញ់ចម្រៀងចង្វាក់រ៉េបកាន់តែច្រើនឡើង ហើយជុំវិញការប៉ះទង្គិចនេះក៏ត្រូវបានបិទបញ្ចប់ទៅហើយដោយការប្រកាសពីសាមីខ្លួនពួកគេទាំង២តែម្ដង។
ព្រឹត្តិការណ៍អន្តជាតិសំខាន់ធំៗ ឆ្នាំ២០២២
រុស្ស៊ីផ្តើមសង្គ្រាមឈ្លានពានលើអ៊ុយក្រែន
កាលពីដើមឆ្នាំថ្មី ឆ្នាំ២០២២មនុស្សគ្រប់គ្នាលើពិភពលោកកំពុងទទួលឆ្នាំថ្មី និងរីករាយមិនទាន់អស់ចិត្តផងនោះ ព្រឹត្តិការណ៍ដ៏ធំមួយ បានធ្វើឱ្យពិភពលោកទាំងមូលមានការភ័យខ្លាច នោះគឺការប្រកាស «ប្រតិបត្តិការយោធាពិសេស» របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដោយការបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែនដែលមកទល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយទេ។
ការប្តឹងផ្តល់គ្នារវាង Amber Heard និង Johnny Depp
រឿងក្តីរវាងអតីតគូស្វាមីភរិយា Amber Heard និង Johnny Depp ជាព្រឹត្តិការណ៍នៅក្នុងរង្វង់សិល្បៈអាមេរិក និងអន្តជាតិដែលអ្នកមានអ្នកតាមដានច្រើនបំផុតប្រៀបដូចជារឿងភាគក្នុងជីវិតពិត។ នៅទីបញ្ចប់នៃសាច់រឿងប្តីប្រពន្ធមួយគួរនេះត្រូវបានបញ្ចប់ដោយភាគីលោក Johnny Depp ជាអ្នកឈ្នះ ចំណែកលោកស្រី Amber ត្រូវបាត់បង់តំណែងក្នុងរឿងកុន និងថែមទាំងបង់ប្រាក់ទៅអតីតស្វាមីទៅទៀត។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថានាយុទ្ធនាការរកសំឡេងបោះឆ្នោត សម្រាប់បេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ (LDP) នៅក្រុង Nara កាលពីថ្ងៃទី៨ ខែកក្កដា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្លាប់ ក្នុងវ័យ ៦៧ ឆ្នាំ បន្ទាប់ពីត្រូវបានគេលបបាញ់ដោយកាំភ្លើងកែច្នៃ។ ហេតុការណ៍មួយនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងផងដែរពីគ្រប់មឈ្ឈដ្ឋានជុំវិញពិភពលោកដោយហេតុថាការធ្វើឃាតដ៏កម្រនៅជប៉ុន និងមិនគួរឲ្យជឿថាវាពិតជាបានកើតឡើង។
Will Smith ទះកំផ្លៀង Chris Rock នៅកម្មវិធីអូស្កា
ការទះកំផ្លៀង Chris Rock ដោយ Will Smith ជាព្រឹត្តិការណ៍ដ៏គួរឲ្យផ្ញាក់ផ្អើល និងអស់សំណើចមួយនៅក្នុងវិស័យឧស្សាហកម្មកម្សាន្តដែលមនុស្សគ្រប់គ្នាជុំវិញពិភពលោកនឹងនិយាយពីមួយឆ្នាំទៅមួយឆ្នាំគ្មានទីបញ្ចប់ឡើយ។ ត្រឹមរយៈពេលខ្លីនៃការហេតុការណ៍មួយនេះ អាជីពរបស់លោក Will Smith ក៏កាន់តែពិបាកទៅៗ ពានអូស្ការដែលធ្លាប់ឈ្នះក៏ត្រូវបានដកហូត ខ្លួនលោកផ្ទាល់ក៏ធ្លាក់ទៅក្នុងវិបត្តិផ្លូវចិត្ត និងបាត់មុខពីសិល្បៈមកទល់ចុងឆ្នាំនេះ។
ម្ចាស់ក្សត្រី Elizabeth II សោយទិវង្គត
ក្រោយគ្រងរាជ្យបាន ៧០ ឆ្នាំ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ព្រះរាជវាំង Buckingham នៃចក្រភពអង់គ្លេសបានចេញរាជសារបញ្ជាក់ថា ម្ចាស់ក្សត្រី Elizabeth II បានសោយទិវង្គត នៅឯព្រះរាជដំណាក់ Balmoral នាប្រទេសស្កុតឡែន ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា ដែលបានធ្វើឲ្យប្រជាជនដែលស្រលាញ់ម្ចាស់ក្សត្រីសោកស្តាយជាពន់ពេក។
ខណៈពេលដែលមនុស្ស ជុំវិញពិភពលោក ទើបតែចាប់ផ្តើមរៀនរស់ជាមួយនឹងជំងឺកូវីដ ១៩ និងប្រទេសខ្លះទៀតនៅបិទខ្ទប់នៅឡើយ ស្រាប់តែក្នុងខែឧសភា ពិភពលោកបានប្រទះនឹងជំងឺរីករាលដាលមួយផ្សេងទៀតឈ្មោះ Monkeypox ដោយករណីនេះកើតឡើងដំបូង នៅចក្រភពអង់គ្លេស នាថ្ងៃទី ៦ ខែឧសភា។ តែយ៉ាងណាបច្ចុប្បន្នជំងឺមួយនេះ ក៏បានបាត់ទៅវិញបណ្តើរៗហើយដោយសារការការពារ និងប្រុងប្រយ័ត្នរបស់មនុស្ស។
សោកនាដកម្ម នៅប្រទេសកូរ៉េខាងត្បូង
Halloween នៅប្រទេសកូរ៉េខាងត្បូងឆ្នាំ ២០២២ បានក្លាយជាសោកនាដកម្មដ៏រន្ធត់នៃការរត់ជាន់គ្នា កាលពីយប់ថ្ងៃទី ២៩ ខែតុលា ដែលជាហេតុឱ្យមនុស្ស ១៥៨នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត រងរបួសអំឡុងពេលប្រារព្ធពិធីបុណ្យ Halloween នៅសង្កាត់ Itaewon ប្រទេសកូរ៉េខាងត្បូង។
ប្រជាជនសរុបកើនដល់ជាង ៨ពាន់លាននាក់
ដើមឡើយប្រជាជនសរុបនៅលើផែនដីកើនដល់ចំនួន ១ពាន់លាននាក់ដំបូងនៅឆ្នាំ ១៨០៣ តែកន្លងមកបានត្រឹមតែ ២០០ក្រោយប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាជនសរុបត្រូវបានប្រកាសជាសកលថាបានកើនដល់ជាង ៨ពាន់លាននាក់ទៅហើយ ដែលវាជាការកើនឡើងក្នុងល្បឿនលឿនខ្លាំងមែនទែន។
អាហ្សង់ទីនឈ្នះពានរង្វាន់ World Cup
ទីបំផុតនៃឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ដែលបានបញ្ចប់នៅយប់ថ្ងៃទី ១៨ ខែធ្នូ។ ព្រឹត្តិការណ៍នេះ បញ្ចប់ទៅដោយក្រុមជម្រើសជាតិអាហ្សង់ទីនជាជើងឯក ក្រោយឈ្នះបារាំង ៤-២ ក្នុងវគ្គប៉េណាល់ទីកាត់ក្ដី ខណៈម៉ោងធម្មតា និងម៉ោងបន្ថែមពិសេស ស្មើ ៣-៣។
ការត្រលប់មកវិញរបស់ភាពយន្ត Avatar
ការវិលត្រលប់មកវិញរបស់ភាពយន្ត Avatarក្រោយសំងំផលិតសាច់រឿង និងថតអស់ជាង ១៣ឆ្នាំ អាចជាព្រឹត្តិការណ៍ដែលនឹងបិទបញ្ជាប់ឆ្នាំ ២០២២នេះតែម្ដង។ Avatar: The way of water ដែលកំពុងតែចាក់បញ្ចាំងនៅតាមរោងកុននានាៗជុំវិញពិភពលោកកាន់តែខិតជិតទៅបំបែកកំណត់ត្រាភាពយន្តទី១ ដោយគិតត្រឹម ១០ថ្ងៃ ភាពយន្តចុងក្រោយនេះរកចំណូលបានរហូតដល់ជាង ៨០០លានដុល្លារសហរដ្ឋអាមេរិកទៅហើយ៕