រំលងមកមិនប៉ុន្មានខែ ពោលគឺនៅក្នុងខែឧសភា អតីតតារាសម្ដែងរបស់ Disney រូបនេះបានបញ្ចេញអាល់ប៊ុម SOUR ដែលជាអាល់ប៊ុមចម្រៀងដំបូងបង្អស់របស់នាង នៅក្នុងវ័យត្រឹម ១៨ ឆ្នាំតែប៉ុណ្ណោះ។ តាមរយៈបទចម្រៀងរៀបរាប់ពីបទពិសោធន៍ស្នេហាតែងឡើងនៅក្នុងបន្ទប់គេង Olivia Rodrigo បានដណ្ដើមយកពានរង្វាន់រហូតដល់ទៅ ៣ ពី Grammy Award រួមមាន Best Pop Solo Performance, Best New Artist និង Best Pop Vocal Album។
តាមរយៈនេះ ពិភពលោកបានបែរចំណាប់អារម្មណ៍មកកាន់តារាចម្រៀងទើបតែរះរូបនេះ ដោយហេតុថាស្នាដៃដំបូងរបស់នាងហាក់ទទួលបានជោគជ័យលើសពីការរំពឹងទុក រហូតដល់ Olivia អាចធ្វើកម្មវិធីប្រគំតន្ត្រីជុំវិញពិភពលោក “SOUR World Tour” និងលក់សំបុត្រអស់ក្នុងរយៈពេលដ៏ខ្លី។ ភាពជោគជ័យនេះនៅតែបន្តសម្រាប់អាល់ប៊ុមទី២ “GUTS” ដោយការប្រគំតន្ត្រី “GUTS World Tour” នៅតែមានអ្នកគាំទ្រតាមទិញសំបុត្រ បើទោះបីជាបានបន្ថែមចំនួនការសម្ដែងហើយក៏ដោយ។
អាល់ប៊ុមដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ មួយនេះ ជាអាល់ប៊ុមទី ២ របស់ Olivia។ តួអង្គនៅក្នុងភាពយន្តតន្រ្តី «High School Musical: The Musical: The Series» រូបនេះ បានរៀបរាប់ថា GUTS ជាពាក្យដែលនាងបានគិតដល់ជាយូរណាស់មកហើយ ពោលគឺតាំងតែពីពេលដែលនាងធ្វើអាល់ប៊ុមទី ១មកម៉្លេះ។
តាមរយៈបទសម្ភាសន៍ជាមួយនឹង Apple Music នាងគិតថា Guts ជាពាក្យដែលគួរឱ្យចាប់អារម្មណ៍មួយ ដោយសារតែលក្ខណៈពិសេសនៃពាក្យនេះ។ ពាក្យថា Guts មួយម៉ាត់តែងប្រែប្រួលអត្ថន័យរបស់ខ្លួនទៅតាមបរិបទពេលប្រើប្រាស់ពាក្យនេះ។ ជាក់ស្ដែង Olivia ពន្យល់ថា៖ “ខ្ញុំគ្រាន់តែគិតថា វាជាពាក្យដែលគួរឱ្យចាប់អារម្មណ៍។ មនុស្សប្រើវានៅក្នុងបរិបទប្លែកៗជាច្រើនដូចជា Spill your guts (ប្រាប់ពីរឿងរឿងរ៉ាវរបស់អ្នកឱ្យអស់មក) ឬ Hate your guts (ស្អប់អ្នកជាទីបំផុត)។ ពេលខ្លះវាមានន័យថាភាពក្លាហាន ប៉ុន្តែពេលខ្លះវាក៏មានន័យអ្វីផ្សេង ឬដូចជាឃ្លា listen to your gut (ជឿទៅលើការយល់ឃើញដំបូងរបស់អ្នក)ជាដើម។ ទាំងនេះ ជាអ្វីដែលខ្ញុំនឹកឃើញដោយចៃដន្យនៅពេលនោះ”។