ក្នុងចំណោមប្រជាជនកម្ពុជាមួយចំនួន ដែលបានឆ្លៀតទាញយកប្រយោជន៍ពីវត្ថុបុរាណរបស់ដូនតា ក្នុងគ្រាដែលប្រទេសអស្ថិរភាព លោក Lion បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការលួចយកបដិមាបុរាណខ្មែរជាច្រើន ដើម្បីផ្គត់ផ្គង់ដល់អ្នកជំនួញវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas Latchford។
ប៉ុន្តែនៅចុងជីវិតរបស់លោក បុរសដែលមានរហស្សនាមប្រែជាខេមរភាសាថា “តោ” បានសម្រេចចិត្តត្រឡប់ក្រោយ ដោយបានសហការជាមួយក្រុមអ្នកស៊ើបអង្កេតកម្ពុជា ដឹកនាំដោយមេធាវីអាមេរិក Brad Gordon ក្នុងការតាមដានស្វែងរករតនសម្បត្តិទាំងនោះត្រឡប់មកទឹកដីកំណើតវិញ។
តាមរយៈលោក Brad Gordon លោក Lion បានបង្ហាញអារម្មណ៍ស្ដាយក្រោយចំពោះកំហុសក្នុងគ្រាកន្លងមកថា៖ “លោកមានអារម្មណ៍ខុសយ៉ាងខ្លាំងចំពោះអំពើជាច្រើនដែលលោកធ្លាប់បានធ្វើក្នុងជីវិតនេះ មិនថាការសម្លាប់មនុស្ស និងការលួចប្លន់នោះឡើយ”។
យ៉ាងណាមិញ ពាក្យសារភាពរបស់អតីតទាហានកុមារខ្មែរក្រហមរូបនេះ បានជួយអ្នកស៊ើបអង្កេតយកទៅប្រើប្រាស់ដើម្បីប្រឆាំងនឹង Douglas Latchford។ នេះបើផ្អែកតាមការចុះផ្សាយរបស់ CNN។
លោក Matthew Campbell បានសរសេរនៅក្នុងសៀវភៅ The Man Who Stole the Gods ថា ក្រោយការរំដោះប្រទេសកម្ពុជា លោក Lion បានធ្វើការងារផ្សេងៗ មុននឹងលោកដឹងថា ការលក់ចម្លាក់បុរាណអាចជួយឱ្យលោករកចំណូលបានច្រើនជាងការដោះដូរគោក្របីដែលលោកធ្លាប់បានធ្វើពីមុនមក។
ដ្បិតការងារនេះលំបាក និងមានគ្រោះថ្នាក់ រួមមានហានិភ័យពីគ្រាប់មីនផង តែការងារនេះបានក្លាយជាប្រភពចំណូលមួយដែលអាចឱ្យលោកចិញ្ចឹមជីវិតបាន។ លោកបានប្រាប់កាសែត New York Times កាលពីឆ្នាំ ២០២១ ថា លោកមិនដែលរកបានប្រាក់លើសពី ២ ទៅ ៣០០ ដុល្លារទេ សម្រាប់វត្ថុបុរាណនីមួយៗ។ ប៉ុន្តែប្រាក់ប៉ុណ្ណោះ គឺជាប្រាក់យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជានៅពេលនោះ។
លោក Lion ប្រាប់ថា លោកមិនដឹងច្បាស់ទេថាវត្ថុបុរាណដែលពួកគាត់លួចចេញពីប្រាសាទបុរាណខ្មែរនោះ នឹងទៅដល់ណាបន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា។ ប៉ុន្តែលោកដឹងត្រឹមថា តម្រូវការនេះគឺបានមកពីអ្នកទិញនៅទីក្រុងបាងកក ដែលគេស្គាល់ក្នុងឈ្មោះថា Sia Ford ឬ Douglas Latchford នេះឯង។
តាមរយៈការសម្ភាសន៍ និងដើរទស្សនាប្រាសាទជាច្រើនម៉ោង អតីតចោរលួចវត្ថុបុរាណរូបនេះបានរៀបរាប់សកម្មភាពរបស់ខ្លួនយ៉ាងលម្អិតប្រាប់លោក Bradley Gordon។ ខណៈនៅពេលដែលលោក Bradley Gordon បានឱ្យលោក Lion មើលកាតាឡុកវត្ថុបុរាណរបស់ Douglas Latchford ជនដៃដល់រូបនេះចំណាំវត្ថុបុរាណជាច្រើន ដែលលោកបានលួចចេញពីជញ្ជាំងប្រាសាទ ឬពីជើងទម្រដោយផ្ទាល់ដៃ។
លោក Lion បានបង្ហាញការស្ដាយក្រោយប្រាប់កាសែត New York Times និងប្រាប់ពីគោលបំណងរបស់ខ្លួនថា៖ “ខ្ញុំចង់ឱ្យរូបសំណាក់ទាំងនោះត្រឡប់មកមាតុភូមិវិញ”។
តាមរយៈការផ្ដល់ចម្លើយរបស់បុរសដែលមានរហស្សនាមថា Lion លោក Bradley Gordon បានធ្វើការជាមួយនឹងបុរាណវិទូដើម្បីផ្គូផ្គងរូបចម្លាក់បុរាណទៅនឹងទីតាំងជាក់លាក់ និងធ្វើផែនទីបណ្ដាញដែលអតីតចោររូបនេះធ្លាប់ធ្វើសកម្មភាព។ ការស្រាវជ្រាវនេះបានជួយអ្នកស៊ើបអង្កេតអាមេរិកកសាងសំណុំរឿងប្រឆាំងនឹង Douglas Latchford។