អ្នកណាថា តួឯកប្រុសក្នុងរឿងកូរ៉េតែងតែជាប្រុសស្អាតចិត្តល្អរហូតនោះ ព្រោះថាជារឿយៗ ពួកគេខ្លះតែងប្រើមុខមាត់សង្ហារបស់ខ្លួន ដើម្បីបោកបញ្ឆោតតួស្រី រួមទាំងអ្នកមើលដូចជាពួកយើង មុននឹងបង្ហាញធាតុពិត ឱ្យយើងដឹងថា ការពិតជា Red Flag (គ្រោះថ្នាក់) សុទ្ធសាធ!
ប្រភេទមនុស្សប្រុស Red Flag ទាំងនោះមានតួយ៉ាងដូចជា៖ -ប្រភេទ Love bombing ដែលដំបូងឡើយគេធ្វើពុតជាស្រលាញ់ខ្លាំង រហូតដល់ភាគីម្ខាងទៀតឈ្លក់វង្វេង រួចហើយក៏ប្រើស្នេហានោះគ្រប់គ្រងគេ -ប្រភេទ Manipulate ដែលចាំគ្រប់គ្រងជីវិតអ្នកដទៃឱ្យដូចតាមដែលខ្លួនចង់បាន ឬប្រភេទ Gaslighting ដែលពូកែខាងបញ្ចុះបញ្ចូលឱ្យអ្នកដទៃមានអារម្មណ៍ថាខ្លួនឯងតែងតែខុស។ នេះមិនទាន់រាប់បញ្ចូលការក្បត់ចិត្ត ធ្វើអ្វីៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន រហូតដល់ប្រព្រឹត្តបទឧក្រិដ្ឋដែលអាចប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ឬសូម្បីតែប្រទេសជាតិផង។ ខាងក្រោមនេះ AMS សូមបង្ហាញតួឯកប្រុស Red Flag ក្នុងរឿងភាគកូរ៉េល្បីៗដែលធ្វើបាបចិត្តតួស្រីដល់កំពូល។
Park Jae Eon – Nevertheless (2021)
បើនិយាយពី Red Flag ប្រាកដណាស់ ឈ្មោះរបស់បុរសម្នាក់នេះច្បាស់ជាលេចចេញមុនគេ ហើយនេះគឺជា Park Jae-on ពីរឿងភាគ Nevertheless សម្តែងដោយ Song Kang។ រឿងនេះនិយាយពីរឿងរ៉ាវរបស់ Yoon Na-bi (សម្ដែងដោយ Han So-hee) ដែលជីវិតស្នេហាហាក់មិនសូវសមប្រកបប៉ុន្មានទេ ព្រោះបន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសក្បត់ចិត្ត នាងបានជួប Jae-on ជាគូស្នេហ៍ដែលពេញចិត្តនឹងទំនាក់ទំនងផ្លូវកាយដោយមិនមានឋានៈ ប៉ុន្តែទន្ទឹមនឹងនោះគេបែរជាឧស្សាហ៍លេងសើចជាមួយផ្លូវចិត្តនាងជាខ្លាំង។ ថ្វីត្បិតតែ គេមើលទៅចិត្តល្អ និងរួសរាយរាក់ទាក់ចំពោះអ្នកគ្រប់គ្នាក៏ដោយ តែបើហ៊ានជ្រុលស្រលាញ់ហើយ គឺនឹងជាប់ក្នុងអន្ទាក់ទំនាក់ទំនង Toxic ដែលបញ្ចប់ដោយពាក្យថា ‘យើងមិនមែនជាអ្វីនឹងគ្នាផង!’ ។
Lee Myung Gi – Squid Game 2&3 (2024-2025)
តួឯកប្រុស Red Flag ចំណូលថ្មីដែលធ្វើឲ្យអ្នកគាំទ្ររឿងកូរ៉េស្លឈាមខ្លាំងដែរនោះគឺ Lee Myung-ki បេក្ខជនលេខ ៣៣៣ ពីស៊េរី Squid Game ដែល Im Si-wan ជាអ្នកសម្ដែងបានសមពិតៗ រហូតទទួលបានរហស្សនាមថា ‘Crypto Bro’។ ដោយតួឯកប្រុសរូបនេះគឺជា crypto YouTuber វ័យក្មេង ម្ចាស់ Channel ‘MG Coin’ ដែលធ្លាប់ជាសំណព្វចិត្តរបស់អ្នកវិនិយោគ រហូតដល់ភាពជឿជាក់ជ្រុលខ្លាំងពេកបានធ្វើឱ្យគេដើរផ្លូវខុស ជាប់បំណុលមហាសាលថែមទាំងរងការវាយប្រហារពីសំណាក់អ្នកតាមដានដែលរងផលប៉ះពាល់ដោយសារជឿតាមពាក្យណែនាំរបស់គេថែមទៀត។ កាន់តែអាក្រក់ Myung-ki បានបោះបង់មិត្តស្រីរបស់ខ្លួនដែលកំពុងមានផ្ទៃពោះគឺ Kim Jun-hee (សម្ដែង Jo Yu-ri) ដោយមិនទទួលខុសត្រូវ រហូតដល់អ្នកទាំងពីរបានជួបគ្នាក្នុងហ្គេមមឹកដ៏ព្រៃផ្សៃនេះ។ ច្បាស់ណាស់ថានេះគឺជាតួអង្គមួយរូបទៀតដែលមានកម្រិតភាពអាត្មានិយមខ្ពស់ខ្លាំង។
Lee Tae Oh – The World of the Married (2020)
ចូលដល់វេនបុរស Red Flag ដែលទោះមានប្រពន្ធកូនហើយតែមិនស្គាល់ពាក្យថាគ្រប់គ្រាន់វិញម្ដង នោះគឺ Lee Tae-oh ពីរឿង The World of the Married។ ចំណោទបញ្ហាដ៏ស្មុគស្មាញនៃរឿងនេះកើតឡើងនៅពេលដែលគ្រួសាររបស់ Ji Sun-woo (សម្ដែងដោយ Kim Hee-ae) ដែលមើលទៅហាក់ដូចល្អឥតខ្ចោះ តែអ្វីៗស្រាប់តែត្រូវរង្គោះរង្គើ នៅពេលដឹងថា Lee Tae-oh ស្វាមីដែលនាងតែងតែផ្ដល់ការគាំទ្រក្នុងវិស័យសិល្បៈបានក្បត់ចិត្តនាងជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ Yeo Da-kyung (សម្ដែងដោយ Han So-hee)។ ខណៈដែលមនុស្សជុំវិញខ្លួនបានឃុបឃិតគ្នាបិទបាំងការក្បត់នោះ ល្បែងសងសឹកនឹងអ្នកដែលក្បត់ក៏បានចាប់កំណើតឡើង។ តួអង្គ Lee Tae-oh ត្រូវបានចាត់ទុកថាមានគ្រប់ចំណុចនៃបុរស Red Flag តែម្ដង។